វៀតណាម៖ ទស្សនិកជនធ្លាប់ឃើញគេសម្តែងរឿងពាក់ព័ន្ធនឹងជំពាក់លុយ ដោយម្ចាស់លុយចាប់សត្វជាទីស្រលាញ់ជាស្នូលឲ្យម្ចាស់សត្វសង់លុយ ចំណែកនៅប្រទេសវៀតណាម ស្ត្រី ២ នាក់ចាប់ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់នៅភាគខាងត្បូងប្រទេសវៀតណាមទាំងថ្ងៃ ដើម្បីដាក់សម្ពាធម្តាយរបស់នាងឲ្យសងបំណុលគេ ហើយទង្វើដ៏គួរឲ្យសង្វេគនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ប៉ូលីសនៅខេត្ត Tay Ninh បានចាប់ខ្លួនលោកស្រី Nguyen Thi Huynh Lan អាយុ ៥៤ ឆ្នាំ និងលោកស្រី Nguyen Thi Hoa អាយុ ៥៨ ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានចាប់ពង្រត់កុមារកាលពីមួយថ្ងៃមុន ដោយអ្វីដែលអាជ្ញាធរនិយាយថា នេះជាផែនការធ្វើឡើងដើម្បីបង្ខំម្តាយរបស់នាងឲ្យសងវិញចំនួន ៣០ លានដុង (១,១៥៥ ដុល្លារអាមេរិក) ។
លោកស្រី Lan បានអះអាងថា គាត់ត្រូវបានគេជំពាក់ប្រាក់ពីកិច្ចព្រមព្រៀងជំនួញ ប៉ុន្តែមិនអាចយកលុយនោះមកវិញ។ នៅថ្ងៃទី ២០ ឧសភា គាត់ និងលោកស្រី Hoa បានទៅផ្ទះកូនបំណុល ប៉ុន្តែនៅពេលរកមិនឃើញម្តាយ ស្ត្រីនោះបានឃើញកូនស្រីអាយុ ៧ ឆ្នាំរបស់នាងជំនួសវិញ ហើយសម្រេចចិត្តចាប់នាង។
ខ្សែវីដេអូសុវត្ថិភាពបានបង្ហាញថា លោកស្រី Hoa បានល្បួងក្មេងស្រីឲ្យឡើងម៉ូតូដោយសន្យាទិញតែទឹកដោះគោរបស់នាង។ ដោយជឿថា ស្ត្រីទាំងនោះជាមិត្តរបស់ម្តាយនាង កុមារបានទៅជាមួយពួកគេដោយស្ម័គ្រចិត្ត។
បន្ទាប់មក ជនសង្ស័យបានធ្វើដំណើរឆ្ពោះទៅខេត្ត Long An ដែលនៅជិតខាង ហើយបានទាក់ទងម្តាយរបស់ក្មេងស្រី ដោយទាមទារនាងមក Vinh Long ដើម្បីដោះស្រាយបំណុលជាថ្នូរនឹងការដោះលែងកូនស្រីរបស់នាង។
ប៉ូលីសខេត្ត Tay Ninh បានធ្វើការយ៉ាងរហ័ស ដើម្បីតាមដានជនសង្ស័យ និងចាប់ខ្លួនពួកគេដោយជោគជ័យនៅ Long An មុនពេលមានគ្រោះថ្នាក់ណាមួយកើតឡើងលើកុមារ។ ករណីនេះស្ថិតក្រោមការស៊ើបអង្កេតបន្ថែម៕
