កីឡា

សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្របញ្ជូនមន្រ្តី និងកីឡាករចូលរួមកិច្ចប្រជុំ និងប្រកួតជើងឯកអត្តពលកម្មអាស៊ីលើកទី២៦ នៅកូរ៉េខាងត្បូង

ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករងនៃនាយកដ្ឋានកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តី និងកីឡាករ ១ រូបចូលរួមកិច្ចប្រជុំសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ និងក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអត្តពលកម្មអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅប្រទេសកូរ៉េខាងត្បូង។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ បានប្រាប់តាមអនឡាញថា សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្របានបញ្ជូនមន្រ្តី និងកីឡាករ ៣នាក់ ចូលរួមកិច្ចប្រជុំសហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ និងក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអត្តពលកម្មអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅប្រទេសកូរ៉េខាងត្បូង។ លោក ដួង មាសចំរើន អគ្គនាយករងនៃនាយកដ្ឋានកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ រូបលោកអគ្គលេខាធិការសហព័ន្ធ និងកីឡាករ វ៉ាន់ ភារ៉ា។

លោកបានបន្តថា កីឡាករ វ៉ាន់ ភារ៉ាប្រកួតលើវិញ្ញាសា ១០០០០ម៉ែត្រ លោកជាកីឡាករកម្ពុជាតែម្នាក់គត់ដែលនឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអត្តពលកម្មអាស៊ីលើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅកូរ៉េខាងត្បូង។ ការប្រកួតរបស់កីឡាកររូបនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង៤ និង១០នាទី (ត្រូវនឹងម៉ោង២ និង១០នាទី នៅកម្ពុជា) នៅទីលាននៃកីឡដ្ឋាន Gumi Stadium ខេត្ត North Gyeongsang ប្រទេសកូរ៉េខាងត្បូង។

ការប្រកួត 26th Asian Athletics Championships 2025 Gumi ដែលរៀបចំដោយសមាគមអត្តពលកម្មអាស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ដោយមានការប្រកួតប្រជែងលើ៤៥ ប្រភេទកីឡាអត្តពលកម្ម។ អ្នកចូលរួមទាំងថ្នាក់ដឹកនាំ និងអត្តពលិកមានសរុបប្រមាណ ២០០០នាក់ពី ៤៣ប្រទេសនៅក្នុងទ្វីបអាស៊ី៕

ដោយ៖ លី ភីលីព

Most Popular

To Top