វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃសុក្រថា លោកនឹងដាក់ពន្ធ ២៥ ភាគរយនៅចុងខែក្រោយនេះ លើឧបករណ៍ស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung Electronics Co. និងក្រុមហ៊ុនផ្សេងទៀត ប្រសិនបើពួកគេមិនផលិតនៅអាមេរិក នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily។
លោក Trump បានចេញការគំរាមកំហែងប៉ុន្មានម៉ោង បន្ទាប់ពីលោកបានព្រមានលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រសិនបើ iPhone មិនត្រូវបានផលិតនៅអាមេរិកនោះ ពន្ធយ៉ាងហោចណាស់ ២៥ ភាគរយត្រូវតែបង់ដោយ Apple ឲ្យអាមេរិក។
លោកប្រធានាធិបតីកំពុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីមូលហេតុដែលលោកនឹងធ្វើឲ្យក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនអាមេរិកប៉ះពាល់ដល់ពន្ធ។
លោកបានបញ្ជាក់ជាថ្មីថា ក្រុមហ៊ុនផលិតផលិតផលរបស់ខ្លួននៅ អាមេរិកនឹងមិនប្រឈមនឹងការយកពន្ធឡើយ។ លោកក៏បានកត់សម្គាល់ពីការផ្លាស់ប្តូររបស់ Apple សម្រាប់ផលិតកម្មទៅកាន់ប្រទេសឥណ្ឌាផងដែរ។
ការគម្រាមកំហែងរបស់លោក Trump លើការយកពន្ធថ្មីលើស្មាតហ្វូនដែលនាំចូលបានបន្ថែម ទៅលើការព្រួយបារម្ភនៅក្នុងប្រទេសកូរ៉េខាងត្បូងជុំវិញពន្ធនាំចូលថ្មីរបស់រដ្ឋបាលរបស់លោករងអាចប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
កូរ៉េខាងត្បូង និងអាមេរិកបាននឹងកំពុងពិភាក្សាគ្នាជុំវិញពន្ធគយ និងបញ្ហាពាណិជ្ជកម្មផ្សេងទៀត ខណៈទីក្រុងសេអ៊ូលបាននិងកំពុងខិតខំកាត់បន្ថយផលប៉ះពាល់នៃពន្ធគយ និងវិស័យផ្សេងទៀតរបស់រដ្ឋបាល Trump លើសេដ្ឋកិច្ចធំបំផុតទី៤ របស់អាស៊ី៕
