នីហ្សេរីយ៉ា ៖ ទីភ្នាក់ងារជាតិប្រឆាំង អំពើពុករលួយបាននិយាយថា តុលាការនីហ្សេរីយ៉ា បានកាត់ទោសជនជាតិអាស៊ីចំនួន ១៥ នាក់ពីបទអំពើភេរវកម្ម តាមអ៊ីនធើណេត និងការក្លែងបន្លំ តាមអ៊ីនធើណិត ដែលជាករណីដ៏ធំបំផុតមួយ ក្នុងប្រទេសមួយនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
អ្នកនាំពាក្យគណៈកម្មាធិការឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFCC) លោក Dele Oyewale បាននិយាយថា ជនជាតិហ្វីលីពីន ១១នាក់ ចិន ២នាក់ ម៉ាឡេស៊ីម្នាក់ និងឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគារ រយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ មួយលានណារ៉ា (៦២៩.៥០ ដុល្លារអាមេរិក) ក្នុងម្នាក់ៗនៅទីក្រុង Lagos បន្ទាប់ពីបានសារភាព កំហុស ។ ពួកគេត្រូវបានគេចោទប្រកាន់ពីបទ ជ្រើសរើសជនជាតិ នីហ្សេរីយ៉ាវ័យក្មេង ពីបទលួចអត្តសញ្ញាណ និងរក្សាខ្លួន ជាជនបរទេស។
លោក Oyewale បានបន្តថា ចៅក្រមក៏បានបញ្ជាឲ្យឧបករណ៍ដែលប្រមូលបានពីអ្នកទោសត្រូវរឹបអូសទៅឲ្យរដ្ឋាភិបាលសហព័ន្ធនៃប្រទេសនីហ្សេរីយ៉ា។ ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក កំពុងតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញសម្រាប់អ្នកបោកប្រាស់តាមអ៊ីនធើណេត ត្រូវគេស្គាល់លើពាក្យស្លោកក្នុងស្រុកថា “Yahoo Boys”។
EFCC បានបង្ក្រាបកន្លែងលាក់ខ្លួនជាច្រើនកន្លែងដែលឧក្រិដ្ឋជនវ័យក្មេងរៀនពីការបោកប្រាស់របស់ពួកគេ។ អ្នកជំនាញខាងឧក្រិដ្ឋកម្មតាមអ៊ីនធើណេតក៏ព្រមានថា ក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធើណេត បរទេសបានបង្កើតហាងក្នុងប្រទេស ដើម្បីទាញយកប្រព័ន្ធសុវត្ថិភាពអ៊ីនធើណេតខ្សោយរបស់ខ្លួន។
EFCC បានបន្តថា ក្រុមក្មេងទំនើងបរទេស បានជ្រើសរើសអ្នកសមគំនិត ជនជាតិនីហ្សេរីយ៉ា ដើម្បីស្វែងរកជន រងគ្រោះ តាមអ៊ីនធើណេតតាមរយៈការបន្លំបោកប្រាស់ ដែលក្នុងនោះអ្នកវាយប្រហារ ជាធម្មតាព្យាយាមបញ្ឆោត ជនរងគ្រោះឲ្យផ្ទេរប្រាក់ឲ្យពួកគេ ឬបង្ហាញព័ត៌មានរសើប ដូចជាពាក្យសម្ងាត់ជាដើម។
ទីភ្នាក់ងារនេះបាននិយាយថា ការបោកប្រាស់ភាគច្រើន ផ្តោតលើជនជាតិអាមេរិក កាណាដា ម៉ិកស៊ិក និងអឺរ៉ុប។កាលខែធ្នូ EFCC បានចាប់ខ្លួនជនសង្ស័យចំនួន ៧៩២ នាក់ក្នុងប្រតិបត្តិការតែមួយនៅតំបន់កោះ Victoria ដ៏សំបូរបែបនៃទីក្រុង Lagos ។
ទីភ្នាក់ងារនេះបានបន្តថា យ៉ាងហោចណាស់ជនសង្ស័យ ១៩២ នាក់ ជាជនបរទេសក្នុងនោះ ១៤៨ នាក់ជាជនជាតិចិន។ ជនសង្ស័យជនជាតិចិនរាប់សិបនាក់ផ្សេងទៀត ក៏កំពុងកាត់ទោស ចំពោះបទឧក្រិដ្ឋស្រដៀងគ្នានេះដែរ៕
