ព័ត៌មានអន្តរជាតិ

អតីតប្រធាន FLC លោក Trinh Van Quyet បង់ថវិកា ៩៦ លានដុល្លារដើម្បីទូទាត់សំណងដល់ជនរងគ្រោះពីការក្លែងបន្លំភាគហ៊ុន

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Trinh Van Quyet អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ FLC ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំភាគហ៊ុន បានដាក់ប្រាក់ចំនួន ២.៥ ពាន់ពាន់លានដុង (៩៦ លានដុល្លារអាមេរិក) ដែលត្រូវការដើម្បីផ្តល់សំណងដល់ជនរងគ្រោះនៃឧក្រិដ្ឋកម្មរបស់លោក។

ចំនួនទឹកប្រាក់ចុងក្រោយបំផុតចំនួន ១.៤ ពាន់ពាន់លានដុងត្រូវបានដាក់ជូនដោយភរិយារបស់លោក ទៅកាន់នាយកដ្ឋានសាលក្រមរដ្ឋប្បវេណីហាណូយនៅថ្ងៃទី ៥ ខែមិថុនា ជិត ២ សប្តាហ៍មុនពេលកិច្ចប្រជុំរបស់តុលាការឧទ្ធរណ៍របស់ លោក Quyet នៅថ្ងៃទី ១៧ ខែមិថុនា។

តុលាការប្រជាជនទីក្រុងហាណូយកាលពីខែសីហាឆ្នាំមុនបានកាត់ទោសលោក Quyet ឲ្យជាប់ពន្ធនាគាររយៈពេល២១  ឆ្នាំពីបទក្លែងបន្លំទ្រព្យសម្បត្តិ និងឧបាយកលភាគហ៊ុន។ បងប្អូនស្រី ២ នាក់របស់លោកគឺ នាង Trinh Thi Minh Hue និងនាងTrinh Thi Thuy Nga ត្រូវបានជួយលោកក្នុងឧក្រិដ្ឋកម្មត្រូវបានកាត់ទោសឲ្យជាប់គុក១៤ និង៨ឆ្នាំរៀងៗខ្លួន។

ពួកគេទាំង ៣ នាក់បានប្តឹងឧទ្ធរណ៍ ដោយស្វែងរកការកាត់បន្ថយទោស និងសំណងតិចជាង។ ភរិយារបស់លោក Quyet អ្នកស្រី Le Thi Ngoc Diep  ចេញលិខិតមួយទៅកាន់តុលាការឧទ្ធរណ៍បាននិយាយថា ការដាក់សាច់ប្រាក់នេះ បង្ហាញពីអារម្មណ៍ច្បាស់លាស់នៃការទទួលខុសត្រូវ ភាពស្មោះត្រង់ និងសុច្ឆន្ទៈ ហើយសង្ឃឹមថា វាជាការសុំទោសដោយស្មោះចំពោះម្ចាស់ភាគហ៊ុន អ្នកវិនិយោគ និងសង្គម។

អ្នកស្រីបានស្នើសុំការបន្ធូរបន្ថយ និងកាត់បន្ថយការកាត់ទោសសម្រាប់លោក Quyet និងបងប្អូនស្រី ២ នាក់របស់លោក។ លោក Quyet បានអវត្តមានក្នុងសវនាការឧទ្ធរណ៍របស់លោកនៅទីក្រុងហាណូយកាលខែមីនា ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរដែលមេធាវីរបស់គាត់បានពិពណ៌នាថា គំរាមកំហែងដល់អាយុជីវិត។

មេធាវី Nguyen Trong Nghia បានប្រាប់តុលាការថា លោក Quyet អាយុ ៤៩ ឆ្នាំស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ជាមួយនឹងជីវិតរបស់លោកស្ថិតក្នុងហានិភ័យ ដោយលើកឡើងពីការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយបេះដូងដំណាក់កាលទី ៣ និងផលវិបាកផ្នែកវេជ្ជសាស្ត្រផ្សេងទៀត៕

Most Popular

To Top