កីឡា

បិទការប្រកួតកីឡាវាយកូនឃ្លីលើតុ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធតំណាងលោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោកប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីបិទប្រភេទកីឡាវាយកូនឃ្លីលើតុ នៃព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅទីលានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ លើ ៤វិញ្ញាសា ដែលមាន០៦រាជធានី ខេត្តចូលរួមប្រកួតៈ រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ មានកីឡាករចំនួន២៤នាក់ កីឡាការិនីចំនួន ០៦នាក់ ថ្នាក់ដឹកនាំចំនួន៦នាក់ គ្រូបង្វឹកចំនួន៨នាក់ ។

ឆ្លងតាមការប្រកួតអស់រយៈពេល០៣ថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់នូវគោលការណ៍បញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេសជាលទ្ធផល ភ្នំពេញដណ្តើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ខេត្តក្រចេះ ដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ខេត្តស្វាយរៀងដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងខេត្តឧត្តរមានជ័យ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង៕

ដោយ៖ លី ភីលីព

Most Popular

To Top