កីឡា

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែឧសភា និងលើកទិសដៅ បន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៥ សហព័ន្ធកីឡាទូកកានូ និងរ៉ូងអ៊ីងកម្ពុជា ដឹកនាំដោយលោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធានសហព័ន្ធកីឡាសហព័ន្ធកានូនិងរ៉ូអ៊ីងកម្ពុជា បានបើកកិច្ចប្រជុំ បូកសរុប លទ្ធផលការងារប្រចាំខែឧសភា​ និងលើកទិសដៅការងារ​ បន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសមាជិកសមាជិការ ដែលជាគណះកម្មាធិការប្រតិបត្តិ​ សហព័ន្ធកីឡាទូក កានូនិងរ៉ូងអ៊ីង រាជធានីខេត្ត ដែលមានមាសភាព លោកអភិបាលរង ជំទាវ អភិបាលរង តំណាងឱ្យឯកឧត្តម អភិបាលទាំង២៥​ រាជធានីខេត្ត​ និងក្រសួង ។
កិច្ចប្រជុំប្រចាំខែ ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដែលអនុវត្តតាមអនុសាសន៍ណែនាំ លោ អភិសន្តិបណ្ឌិត ស​ សុខា ប្រធានសហព័ន្ធ ដើម្បីជជែកពិភាក្សារកគន្លឹះ ដែលជាដំណោះស្រាយឈាន ទៅរកការសម្រេច បាននូវលទ្ធផលការងារល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលសហព័ន្ធកំពុងរាំងស្ទះ ក្នុងការអភិវឌ្ឍឈានទៅរកចំណុចខ្លាំងសម្រាប់ការប្រកួតប្រជែងទាំងថ្នាក់ជាតិ​ និងអន្តរជាតិ។
បន្ទាប់ពីស្តាប់របាយការណ៍ របស់ កញ្ញា មាសតឿ​ អគ្គហេរញ្ញិកលើកឡើងអំពីចំណូលចំណាយ និង លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លើកឡើងអំពីផែនការសម្រេចអនុវត្តបានកន្លងមក និងទិសដៅបន្តសម្រាប់ខែ មិថុនា រួចមក ។

លោក សរ សិទ្ធិ អនុប្រធានទី២ ទទួលបន្ទុកដឹកនាំកិច្ចការ រួមរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំខែនេះ គឺជជែកពិភក្សាគ្នាលើកយកតែចំណុចសំខាន់ៗប៉ុណ្ណោះ ដើម្បីទទួលយកនូវធាតុចូ យកមកអនុវត្តការងារ និងអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ។

សម្រាប់ទិសដៅការងារ បន្តក្នុងខែ មិថុនានេះ គឺលោក បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធ បានលើកយក នូវការស្នើ សុំបន្ថែមកីឡាករកីឡាការិនីបំរ៉ុងជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមខ្លួនចូលរួម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ខណៈដែលក្រុមជម្រើស ជាតិបច្ចុប្បន្ន ដែលផ្តល់ជូនដោយ ក្រសួងអប់រំយុវជន​ និងកីឡាមានតែ២៦រូបប៉ុណ្ណោះ ដែលចំនួននេះ មិនទាន់គ្រប់គ្រាន់នូវឡើយ​ ត្បិតជម្រើសជាតិ២៦នាក់ មានការបែងចែកហ្វឹកហាត់ ទៅតាមប្រភេទទទូកផ្សេងៗគ្នា មានទូកនាគ ទូកកានូ​ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ខណៈសហព័ន្ធ ត្រូវការកីឡាករ​ កីឡាការិនីបំរ៉ុងបន្ថែមចំនួន១០នាក់ទៀត​ ។ ជាការឆ្លើយតបលោក សរ សិទ្ធិ នឹងនាំយកការស្នើសុំនេះ បញ្ជូនទៅកាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដើម្បីពិនិត្យលើការស្នើសុំនេះ។ទន្ទឹមជាមួយគ្នានេះ លោក សរ សិទ្ធិ បានស្នើសុំទៅកាន់លោក មាស សារិន កីឡាករកីឡាការិនីបំរ៉ុង ដែលបានស្នើសុំបន្ថែមចំនួន១០នាក់នេះ ប្រសិនបើមានការឯកភាព ពីប្រធានសហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិតរួចរាល់​ សូមអោយពិនិត្យជ្រើសរេីសកីឡា​ករកីឡាការិនីឱ្យបានម៉ត់ចត់ រើសយកតែគុណភាព ព្រោះការចេញទៅប្រកួតនៅស៊ីហ្គេម យើងចង់បានជ័យជម្នះ ត្រឡប់មកឱ្យប្រទេសយើង។ក្នុងឱកាសនោះដែរ លោក សរ សិទ្ធិ បានលើកឡើងនូវអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត​ សូមរៀបចំនូវឯកសារ ប្រវត្តិនៃការកកើត​ របស់សហព័ន្ធកីឡាទូក ដើម្បីចងក្រងជាឯកសារ សម្រាប់អ្នកជំនាន់ក្រោយ ។

បន្ថែមលើនេះ ឯកឧត្តម អនុប្រធានទី២ បានជំរុញឱ្យថ្នាក់ដឹកនាំ ទទួលបន្ទុកផ្នែកហ្វឹកហាត់ របស់កីឡាករកីឡា ការិនីជម្រើសជាតិ សូមយកចិត្ត ទុកដាក់ខ្ពស់ ណែនាំដល់គ្រូបង្វឹកឱ្យរឹតបន្តឹងវិន័យ​ និងការហ្វឹកហាត់របស់កីឡាករ កីឡាការិនីឱ្យបានរឹងមាំ ពិសេស គឺយកទុកដាក់ចំពោះចំណីអាហារ​ និងសុខភាព​ ។ កក្តាទាំងអស់នេះហើយ ទើបធ្វើឱ្យកីឡាករកីឡាការិនី មានសុខភាពល្អរឹងមាំ មានសាមគ្គីភាពក្នុងក្រុមល្អ និងមានបច្ចេកទេសខ្ពស់ ប្រកួតនាំយកនូវភាព ជោគជ័យជូនដល់​ កម្ពុជា៕

Most Popular

To Top