ភ្នំពេញ ៖ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអត្តពលិក កីឡាហាប់គីដូកម្ពុជា ដណ្តើមបានមេដាយចំនួន ១២ គ្រឿង នៅលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា ហាប់គីដូជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “2″d South East Asia Hapkids Championship 2025” នៅទីក្រុងYogyakarta ប្រទេសឥណ្ឌូណេស៊ី ខណៈការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ឆ្នាំនេះមាន ៨ ប្រទេសចូលរួម ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រាប់ តាមពីឥណ្ឌូណេស៊ី ឲ្យដឹងថា ក្រុមកីឡាហាប់គីដូយើង ដណ្តើមបាន មេដាយសរុប ១២ គ្រឿងទៀត ក្នុងនោះមាស ៣ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង សម្រាប់ការប្រកួតកាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។ សរុបទំាងអស់កម្ពុជា ដណ្តើមបានមេដាយ ២៣ គ្រឿង រួមមានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង ។

សហព័ន្ធកីឡាហាប់គីដូកម្ពុជាក្រោមការដឹកនាំដោយឧកញ៉ា សៅ សេងហាក់ បានបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៥ នាក់ចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។

លោកអគ្គលេខាធិការបានបន្តថា ការប្រកួតជើង ឯកអាស៊ីអាគ្នេយ៍ឆ្នាំនេះមាន ៨ ប្រទេសចូលរួម ក៏ជាប្រទេស ដែលសម្បូរទៅដោយកីឡាករ-កីឡាការិនី ជើងខ្លាំងដែរ។ ចំណែកក្រុមកីឡាកម្ពុជា ក៏បានត្រៀមខ្លួនខ្លះ ដោយសារយើងនៅខ្វះកម្រិតបច្ចេកទេសបន្តិចទៀត សព្វថ្ងៃនេះយើងកំពុងធ្វើការ ហ្វឹកហាត់យ៉ាងសកម្ម ពីព្រោះការប្រកួតលើកនេះ យើងត្រូវគោរព តាមលក្ខខណ្ឌរបស់សហព័ន្ធអន្តរជាតិ ។

លោក គង់ ចាន់ធីណា បានបញ្ជាក់ថា សហព័ន្ធកីឡាហាប់គីដូកម្ពុជាសព្វថ្ងៃនេះធ្វើដំណើរទៅមុខ ដោយសារប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងសមាជិករបស់សហព័ន្ធកីឡា មិនទាន់មានការជួយឧបត្ថម្ភ ពីក្រុមហ៊ុនឯកជន និងក្រសួងអប់រំ យុវជន និង កីឡា ដូចសហព័ន្ធកីឡាជាតិនានាឡើយ។ រាល់ចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិ របស់សហព័ន្ធកីឡា ហាប់គីដូកម្ពុជា ជាថវិកាឧកញ៉ា សៅ សេងហាក់ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ៕

