ភ្នំពេញ ៖ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង ផេង គ្រូធំជម្រើសជាតិ កីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ការដណ្តើមបានមេដាយ៥គ្រឿង របស់កម្ពុជា ក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេជាចំនួនមេដាយ មិនទាន់ដល់គោលដៅ ដែលសហព័ន្ធចង់បាននោះទេ ប៉ុន្តែក៏ជាការសម្រួចគុណភាពបច្ចេកទេស របស់អត្តពលិកកម្ពុជា ឆ្ពោះទៅ SEA GAMES នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ។
លោក ហេង ផេង បានលើកឡើង ក្នុងឱកាសដឹកនាំប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី សរុបចំនួន ៣៣នាក់ ក្នុងនោះ កីឡាករកីឡា ការិនី ២៥នាក់ ធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

លោក ហេង ផេង បានបន្តថា ការប្រកួតការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍ នៅប្រទេសព្រុយណេ ឆ្នាំ២០២៥នេះ គឺមានកីឡាករ កីឡាការិនីចូលរួមមកពី៩ ប្រទេសក្នុងតំបន់ ហើយ ចំពោះការប្រកួតប្រជែងពិតជាខ្លាំងក្លាណាស់ ដោយសារតែបណ្តាប្រទេសនានាបានបញ្ជូនអត្តពលិករបស់ខ្លួនច្រើន ក្នុងនោះវៀតណាមបញ្ជូនអត្តពលិក ១០០នាក់ ថៃ ៧០នាក់ ខណៈកម្ពុជា បញ្ជូន ៣៣នាក់ ក្នុងនោះកីឡាករ កីឡាការិនី២៥នាក់ ហើយដណ្តើមបានមេដាយសរុប ៥គ្រឿង មានមេដាយប្រាក់១ និងសំរឹទ្ធ៤ ។
សង្កត់ធ្ងន់បន្ថែមពីលើនេះ លោក ហេង ផេង លើកឡើងថា ជាមួយនឹងការខិតខំប្រែងប្រែងហ្វឹកហាត់ត្រៀម និងការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកតំបន់នេះ គឺអត្តពលិកកម្ពុជាមានលក្ខណៈល្អប្រសើរលើផ្នែកគុណភាពដែរ ប៉ុន្តែយើងមិនអាចឈានដល់កម្រិតមេដាយមាស ឬមេដាយផ្សេងៗ ឱ្យបានច្រើន ដោយសារតែអត្តពលិក ក្នុងតំបន់ខ្លាំងៗ ជាពិសេសវៀតណាម បញ្ជូនអត្តពលិកច្រើន ហើយមានភាព លេចធ្លោខ្លាំង ក្នុងគុណភាព បច្ចេកទេសលើ គ្រប់វិញ្ញាសាទាំងអស់ ដោយធ្វើឱ្យវៀតណាមឈរ នៅលំដាប់លេខ១ ខណៈកម្ពុជាឈរ នៅចំណាត់ថ្នាក់លេខ៧ ។

ជាមួយគ្នានេះ ក្នុងនាមក្រុមប្រតិភូ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តមអគ្គបណ្ឌិតសភាចា្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលតែងតែលើកទឹកចិត្តគាំទ្រជំរុញឱ្យជំនាញកីឡាមួយនេះបោះជំហានបានរីកចម្រើជាជំហាន និងបានចូលរួមប្រកួតអន្តរជាតិជាបន្តបន្ទាប់។
កីឡាករ លី គួយហាវ បានបង្ហាញ រីករាយជាខ្លាំង ដែលដណ្តើមបានមេដាយ ប្រាក់១គ្រឿជូនជាតិ ក្នុងជើងឯកអាស៊ីអាគ្នេយ៍នេះ ហើយខ្លួននឹង បន្តការខិតខំប្រឹង ប្រែងដុសខាត់សមត្ថភាពបន្ថែម ដើម្បីប្រជែងមេដាយកម្រិតខ្ពស់ៗ ក្នុងការប្រកួតអន្តរជាតិ ខាងមុខ ។

គួរបញ្ជាក់ថា មេដាយទាំង៥គ្រឿងរបស់កម្ពុជា ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ លី គួយហាវ ទទួលបានមេដាយប្រាក់ ១គ្រឿង ក្នុងប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ខណៈមេដាយសំរឹទ្ធ២គ្រឿង ដណ្តើមបានលើវិញ្ញាសាប្រយុទ្ធឯកត្តជននារី ដោយកីឡាការិនី ឆន ស្រីភា ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស ដោយកីឡាករ ស្រៀង វិរៈ ក្នុងប្រភេទទម្ងន់ ៨៤គីឡូក្រាមឡើង។ ចំពោះមេដាយសំរឹទ្ធ ២ គ្រឿងទៀត ដែលរកបាននៅថ្ងៃចុងក្រោយ គឺលើប្រភេទវិញ្ញាសាប្រយុទ្ធក្រុមនារី និងវិញ្ញាសាប្រយុទ្ធក្រុមបុរស៕

