បច្ចេកវិទ្យា

Facebook ៖​ រាល់ការផុសវីដេអូ ទាំងអស់ នឹងចូលទៅក្នុង Reels

ក្រុមហ៊ុន Meta ប្រកាសនឹងចាប់ផ្ដើមកែទម្រង់ ការបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook ដែលរាល់វីដេអូទាំងអស់ នឹងត្រូវបង្ហោះចូលទៅក្នុង Reels មិនមានការបែងចែក Video ឬ Reels ទៀតនោះទេ ។ ដូចនេះ វានឹងងាយស្រួល ដល់អ្នកផលិតមាតិកាវីដេអូ និងអ្នកទស្សនា អាចមើលវីដអូពីមួយ ទៅមួយទៀត បានងាយស្រួលជាងមុន។

បច្ចុប្បន្ន នៅលើ Facebook មានការបែងចែករវាង Video និង Reels ពោលសម្រាប់វីដេអូទម្រង់ផ្ដេកមានរយៈពេលលើសពី ៩០ វិនាទី នឹងផុសចូលទៅ Video ចំណែកវីដេអូទម្រង់បញ្ឈរ មានរយៈពេលក្រោម ៩០ វិនាទី នឹងត្រូវផុសចូល Reels។ ប្រការនេះ បានធ្វើអោយអ្នកផលិតវីដេអូ មានភាពស្មុគស្មាញ ពិបាកសម្រេចចិត្តលើទម្រង់មាតិកាដែលខ្លួនផលិត ថាតើគួរតែផុសចូលទៅ Reels ឬចូលទៅ Video ទើបទទួលបានអ្នកទស្សនាច្រើន។

ប៉ុន្តែ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ នេះតទៅ Facebook នឹងលែងបែងចែក រវាងទីតាំងផ្ទុកទៀតហើយ ដោយរាល់វីដេអូទាំងអស់ ទាំងទម្រង់វីដេអូ Short, Long, ឬ Live ក៏ដោយ នឹងត្រូវផុសចូលទៅក្នុង Reels ទាំងអស់ មិនកំណត់ថាអ្នកផុសវីដេអូខ្នាតបញ្ឈរ ការ៉េ ឬផ្ដេក ហើយមានរយៈពេលវែង ឬក៏ខ្លីឡើយ។ ដូចនេះ អ្នកទស្សនា នឹងអាចអូសវីដេអូពីមួយទៅមួយ បានយ៉ាងងាយ ដូចជា TikTok អញ្ចឹងដែរ។

នេះមិនមែនជារឿងថ្មីទេ ដោយសារ Meta បានចាប់ផ្ដើមអនុវត្តគោលការណ៍នេះនៅលើ Instagram ចាប់តាំងពី២០២២ មកម្ល៉េះ ដោយរាល់វីដេអូទាំងអស់ មានរយៈពេលក្រោម ១៥ នាទី នឹងត្រូវផុសចូល Instagram Reels ទាំងអស់ មិនកំណត់ថា វីដេអូទម្រង់ផ្ដេក ឬទម្រង់បញ្ឈរឡើយ។

ក្រុមហ៊ុន Meta ក៏បានបញ្ជាក់ផងដែរ ការកែសម្រួលនេះ នឹងមិនមានប៉ះពាល់ដល់គោលការណ៍ផ្សេងទៀតឡើយ ដោយយើងនៅតែអាចផលិតវីដេអូ រយៈពេលវែង ឬខ្លី ទម្រង់វីដេអូផ្ដេក ឬទម្រង់បញ្ឈរ តាមចំណូលចិត្តដដែល គ្រាន់តែវីដេអូនឹងអាចមើលនៅក្នុង Reels ទាំងអស់ មិនមានបែងចែកទៀតទេ ងាយស្រួលដល់អ្នកទស្សនាឃើញវីដេអូរបស់អ្នកបានច្រើន ហើយក៏ងាយស្រួលសម្រាប់អូស skip វីដេអូពីមួយទៅមួយផងដែរ។

Most Popular

To Top