ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងរដ្ឋលេខាធិការក្រសួងអប់រំ យវជន និងកីឡា និងលោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំង និងជាសមាជិកសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្របានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី ១០ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។

លោក វ៉ាត់ ចំរើន បានប្រសាសន៍ថា លោកមានក្តីរំពឹងថា ទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរឆ្នាំនេះនឹង ទាក់ទាញអ្នកចូលរួម ៥០០០ នាក់មកដល់ពេលនេះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ដែលជាខួប១០ឆ្នាំ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅតំបន់អង្គរ គឺមានអ្នកចុះឈ្មោះចូលរួមជាង ៣០០០នាក់ ខណៈការរំពឹងទុកទម្រាំដល់ថ្ងៃបិទបញ្ជី នៃការចុះឈ្មោះនឹងអាចកើនឡើង ក្នុងចន្លោះជាង ៤០០០នាក់ទៅ ៥០០០នាក់។

លោកបន្ថែមថា បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី១០ ជាង ៣ពាន់នាក់ហើយ ប៉ុន្ដែទម្រាំដល់ថ្ងៃរត់ផ្លូវការ លោកជឿជាក់ថា អាចមានអ្នកចូលរួមយ៉ាងហោច ៤ ពាន់ ទៅ ៥ពាន់នាក់ ។ ចំពោះអ្នករត់ជាកុមារនឹង ត្រូវបានលើកទឹកចិត្ត ដើម្បីជាការបណ្តុះស្មារតីឱ្យកុមារ ផ្សាភ្ជាប់នឹងការលេង កីឡាដើម្បីសុខភាព ។ ទិវារត់ប្រណាំងនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅស្វែងរកមូលនិធិសប្បុរសធម៌ ក្នុងការបន្តបេសកកម្ម ជួយដល់មន្ទីរពេទ្យ និងអង្គការនានាផងដែរ
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនេះ បញ្ជាក់ថា វិញ្ញាសារត់ គឺមាន ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ ៕




