ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ

China Dialy

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ។ការបញ្ជាក់របស់លោក ធ្វើឡើងក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងឡាអេ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា “យើងនឹងពិភាក្សាជាមួយពួកគេនៅសប្តាហ៍ក្រោយ ជាមួយអ៊ីរ៉ង់ ហើយយើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ” ។

នៅព្រឹកថ្ងៃពុធ លោក ដូណាល់ ត្រាំ បានលើកឡើងថា បទឈប់បាញ់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងដំណើរការ “ល្អណាស់” ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ដោយសំដៅលើការព្រមាន កាលពីថ្ងៃអង្គាររបស់លោក ទៅកាន់អ៊ីស្រាអែលថា ឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលរាប់រយនាក់ ជាការឆ្លើយតបអ៊ីរ៉ង់ បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកលើអ៊ីស្រាអែល ដោយបានបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់វិញផងដែរ

ក្រោយមកនៅថ្ងៃសៅរ៍សប្ដាហ៍មុននេះ កងទ័ពអាកាសអាមេរិក បានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី គឺ Fordow, Natanz និង Isfahan ហើយជាការសងសឹក អ៊ីរ៉ង់ កាលពីថ្ងៃច័ន្ទបានវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកក្នុងប្រទេសកាតាផងដែរ ប៉ុន្ដែមីស៊ីល ១៨គ្រាប់ ក្នុងចំណោម ១៩គ្រាប់ត្រូវបានស្ទាក់ចាប់។

បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពរបស់ខ្លួន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នឹងចាប់ផ្តើមនៅថ្ងៃអង្គារ បើទោះបីជាពេលនោះភាគីអ៊ីរ៉ង់ បានច្រានចោល ដោយអះអាងថា មិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានធ្វើឡើងនោះទេ ទើបតែនៅថ្ងៃពុធម្សិលមិញនេះ ភាគីទាំងពីរបានបញ្ជាក់ពីការចាប់ផ្តើមនៃបទឈប់បាញ់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top