ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី ចាប់ខ្លួនមនុស្ស ២៨៥ នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន និងរឹបអូសបានថ្នាំញៀន ជាងកន្លះតោន

VN Express

ឥណ្ឌូណេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស ២៨៥នាក់ ត្រូវបានសង្ស័យពីបទ ជួញដូរគ្រឿងញៀន ក្នុងនោះមានស្ត្រី ២៩នាក់ និងជនបរទេស ៧នាក់ ព្រមំទាំងរឹបអូសបានថ្នាំញៀន ជាងកន្លះតោន ក្នុងអំឡុងពេល នៃការបង្រ្កាបរយៈពេល ២ ខែ។

ឥណ្ឌូណេស៊ី គឺ ជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការជួញដូរគ្រឿងញៀន នៅអាស៊ីអាគ្នេយ៍ ទោះបីជាមានច្បាប់ តឹងរ៉ឹងក៏ដោយ ដោយមានអ្នករត់ពន្ធ ដែលត្រូវបានកាត់ទោស ជួនកាលត្រូវបានប្រហារជីវិត ដោយការបាញ់ក្រុម។

ប្រធានទីភ្នាក់ងារជាតិ គ្រឿងញៀន លោក Marthinus Hukom បាននិយាយកាលពីថ្ងៃចន្ទថា ការបង្រ្កាបបានចាប់ ផ្តើមនៅចន្លោះខែមេសា និងខែមិថុនា នៅទូទាំងខេត្តចំនួន ២០ ក៏បានរកឃើញ នូវគម្រោងលាងលុយ ដោយក្រុមគ្រឿងញៀនចំនួន២ និងរឹបអូសទ្រព្យសម្បត្តិ មានតម្លៃជាង ២៦ ពាន់លានរូពី (ប្រហែល ១.៥ លានដុល្លារ)។

លោក Hukom បានបន្តថា ជនសង្ស័យ៣៦នាក់ ក្នុងនោះមានស្រី២១នាក់ បានដើរដង្ហែនៅចំពោះមុខអ្នកសារព័ត៌មាន រួមនឹងថ្នាំញៀនដែលរឹបអូសបាន ក្នុងឯកសណ្ឋានពន្ធនាគារពណ៌ទឹកក្រូច និងខ្នោះដៃ។ ស្ត្រីត្រូវបានចាប់ខ្លួន ភាគច្រើនរៀបការដោយគ្មានការងារធ្វើនៅខាងក្រៅផ្ទះ។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយមន្ត្រីមកពីក្រសួងកិច្ចការសន្តិសុខ និងការិយាល័យគយចូលរួមក្នុង ប្រតិបត្តិការនេះថា ខ្ញុំសូមអំពាវនាវ ឲ្យស្ត្រីឥណ្ឌូនេស៊ី មានការប្រុងប្រយ័ត្ន បន្ថែមទៀត ក្នុងការបង្កើតមិត្តភាពទាំង នៅក្នុងពិភពពិត និងតាមអ៊ីនធើណេត ។

លោក Budi Wibowo តំណាងម្នាក់នៃទីភ្នាក់ងារនេះ បាននិយាយថា អាជ្ញាធរបានរឹបអូសថ្នាំញៀនប្រភេទគ្រីស្តាល់ ៨៦៣,៨៨៥ ក្រាម (០.៦៨ តោន) នៃថ្នាំញៀនប្រភេទមេតំហ្វេតាមីន កញ្ឆា អេកស្តាស៊ី THC ហាស៊ីស និងអំហ្វេតាមីន ដោយបន្ថែមថា នេះបានជួយបញ្ឈប់ពួកគេធ្លាក់ចូលទៅក្នុងដៃរបស់មនុស្សជាង ១.៣ លាននាក់។

លោក Wibowo  បានបន្តថា ក្រុមជួញដូរគ្រឿងញៀនបានប្រើប្រាស់ វិធីសាស្រ្តផ្សេងៗដើម្បីចែកចាយគ្រឿងញៀន ដល់អ្នកប្រើប្រាស់ តាមរយៈការដឹកជញ្ជូនតាមផ្លូវគោក និងសមុទ្រ ឬសេវាសំបុត្រ។ លោក Wibowo បានបន្ថែមថា ជនបរទេសទាំង៧នាក់នោះ ជាជនជាតិអាមេរិកម្នាក់ កាហ្សាក់ស្ថាន២នាក់ ម៉ាឡេស៊ី២នាក់ ឥណ្ឌា និងអូស្ត្រាលីម្នាក់។

ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មនិយាយថា ប្រទេសឥណ្ឌូនេស៊ីគឺជា មជ្ឈមណ្ឌលរត់ពន្ធគ្រឿងញៀនដ៏សំខាន់មួយផ្នែក ដោយសារតែក្រុមគ្រឿងញៀន អន្តរជាតិផ្តោតគោលដៅ លើចំនួនប្រជាជនវ័យក្មេងរបស់ខ្លួន។

លោក Hukom បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការដាច់ដោយឡែកមួយ អាជ្ញាធរនៅខេត្តកោះ Riau បានលាតត្រដាងករណី ២ នៃការរត់ពន្ធគ្រឿងញៀន ក្នុងដែនទឹករបស់ខ្លួន កាលពីខែឧសភា និងរឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន ២.៧ តោន និង កេតាមីន ចំនួន ១.២ តោន។

លោក Mochammad Hasan នៃក្រសួងកិច្ចការសន្តិសុខ បាននិយាយក្នុងសន្និសីទកាសែតថា ឆ្នាំ ២០២៣ អាជ្ញាធរបានរកឃើញករណីគ្រឿងញៀនជាង ៥២,០០០ និងរឹបអូសបានថ្នាំញៀនប្រភេទគ្រីស្តាល់ចំនួន ៦,២ តោន កញ្ឆាចំនួន ១,១ តោន និងប្រភេទថ្នាំញៀនសំយោគផ្សេងៗទៀត។

លោក Hasan បានបញ្ជាក់ថា ចំនួននេះបានកើនឡើងក្នុងឆ្នាំ ២០២៤ ជាមួយនឹងជាង ៥៦,០០០ ករណី ហើយរឹបអូសបានថ្នាំញៀនគ្រីស្តាល់ចំនួន ៧,៥ តោន និងកញ្ឆាចំនួន ៣,៣ តោន មានតម្លៃសរុបចំនួន ៧,៥ ពាន់ពាន់លានរូពី (៤៥៤,៦ លានដុល្លារ)។ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យគ្រឿងញៀនសរុប ២៧ ៣៥៧ នាក់គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤៕

Most Popular

To Top