កីឡា

លោក លី កុសល បើកកិច្ចប្រជុំត្រៀម ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ នាដើមខែកក្កដានៅកម្ពុជា

ភ្នំពេញ៖លោក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ងារងាររបស់សហព័ន្ធកីឡាវាយសី ដើម្បីត្រៀមខ្លួនរៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាវាយសី ជើងឯកអាស៊ី អាគ្នេយ៍អាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំដែលប្រព្រឹត្តថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា បានប្រាប់ឲ្យដឹថា ការងារមួយចំនួន ដូចជាកម្មវិធីហ្វឹកហាត់ ត្រៀមខ្លួនរបស់កីឡាករកីឡាការិនី ជម្រើសជាតិ ក្នុងការត្រៀមចូលរួមការប្រកួតអន្តរជាតិ នានាក្នុងឆ្នាំ២០២៥នេះ គឺកំពុងតែដំណើរការហ្វឹកហាត់យ៉ាងរលូន ក្រោមការតាមដាន ជាប្រចាំ ដើម្បីសម្រួចសមត្ថភាពឆ្ពោះ ទៅរកគុណភាពសក្កានុពលការ ប្រកួតលើឆាកអន្តរជាតិ ។
ទន្ទឹមនេះ ក្រុមការងារទាំងអស់បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញរៀបចំឲ្យមានការ ប្រកួតនៅក្នុងស្រុក ឲ្យមានកាន់តែច្រើន ដើម្បីចម្រាញ់រកធនធានល្អៗ ចេញពីតាមបណ្តាក្លឹប ។ ក្រុមការងាររៀបចំការ ប្រកួតគ្រប់ផ្នែក ទាំងអស់ បានត្រៀមខ្លួន គ្រប់ផ្នែក ដើម្បីជំរុញឲ្យដំណើរ ការរៀបចំធ្វើម្ចាស់ផ្ទះ របស់កម្ពុជា ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក ។

លោក អគ្គលេខាធិការ បានបន្ថែមថា ក្រៅពីការត្រួតពិនិត្យ មើលលើវឌ្ឍនភាពការងារនេះ យើងក៏បានត្រួតពិនិត្យមើលការ រៀបចំក្រុមកីឡាករ-កីឡាការិនី ទាំង៣កម្រិត U15 U17 និង ឈុត U23 របស់កម្ពុជាថាតើពួកគាត់ ដែលត្រូវបានជ្រើសរើស ចូលរួមក្នុងក្រុមជម្រើសជាតិ នេះមានតម្លាភាព ដែរឬទេ ដើម្បីឲ្យសមស្របនឹង គោលការណ៍យុត្តិធម៌ និងផ្តល់ឱកាស ជូនដល់ពួកគាត់បានបញ្ចេញស្នាដៃ ក្នុងការប្រជែង មេដាយជូនជាតិ ។

លោក លី កុសល បានមានប្រសាសន៍ថា សូមឲ្យក្រុមគ្រូបង្វឹក នៃកីឡាករ-កីឡាការិនីកម្ពុជា ទាំង៣ឈុតត្រូវយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការ សម្រួចគុណភាព ពួកគេឲ្យមានសិទ្ធផលខ្ពស់ ដើម្បីដណ្តើមឲ្យ បានមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥នេះ ។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍នេះ ទទួលបានអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ។

ការទទួលធ្វើជាម្ចាស់ផ្ទះ របស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ មាន៥ប្រទេសចូលរួមគឺម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើតនេះ គឺជាលើកទី២ហើយ ។ សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនី មកពីបណ្តាប្រទេសនានា ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំ មានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់៕

Most Popular

To Top