បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមាន ការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវ ចំពោះការលេចធ្លាយព័ត៌មាន សម្ងាត់អំពីការវាយប្រហារ របស់សហរដ្ឋអាមេរិក នាពេលថ្មីៗ នេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារ ទីតាំងនុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលរដ្ឋបាល ត្រាំ នៅរក្សាការអះអាងថាគោលដៅ ក្នុងប្រទេសអ៊ីរ៉ង់ត្រូវបាន “លុបបំបាត់” , សារព័ត៌មាន CNN និងសារព័ត៌មានផ្សេងទៀត ជាច្រើនកាលពីថ្ងៃអង្គារបានដកស្រង់ ការវាយតម្លៃ បឋមផ្នែកស៊ើបការណ៍យោធា ដែលបង្ហាញពីការខូចខាត កម្រិតមធ្យមចំពោះកន្លែងនានា ទោះបីជាមា នការរាយការណ៍ អំពីការប្រើប្រាស់គ្រាប់បែក កម្ទេចលេណដ្ឋាន ធុនធ្ងន់ក៏ដោយ។
លោក ដូណាល់ ត្រាំ បានសរសេរ កាលពីថ្ងៃព្រហស្បតិ៍នៅលើ Truth Social ថា “អ្នកប្រជាធិបតេយ្យគឺជាអ្នក ដែលបានបែកធ្លាយព័ត៌មានស្តីពីការហោះហើរ ដ៏ល្អឥតខ្ចោះទៅកាន់ទីតាំង នុយក្លេអ៊ែរក្នុងប្រទេសអ៊ីរ៉ង់។ ពួកគេគួរតែត្រូវបានកាត់ទោស!” ។
នាយកទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ជាតិ របស់សហរដ្ឋអាមេរិក លោក Tulsi Gabbard បានចោទ “ប្រព័ន្ធផ្សព្វផ្សាយ ឃោសនា” ពីការប៉ុនប៉ងធ្វើឱ្យខូចដល់ប្រធានាធិបតី ដោយការបោះពុម្ពផ្សាយ “ការវាយតម្លៃព័ត៌មានសម្ងាត់ ដែលបែកធ្លាយដោយខុសច្បាប់” ។ លោក ត្រាំ បានចោទប្រព័ន្ធផ្សព្វផ្សាយថាបានផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” អំពីអ្វីដែលគាត់ចាត់ទុកថាជាជោគជ័យផ្នែកសន្តិសុខដ៏សំខាន់មួយ។
យោងតាមសារព័ត៌មាន Axios សេតវិមានជឿថា ឯកសារដែលផលិតដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ ការពារជាតិប្រហែល 24 ម៉ោងបន្ទាប់ពីការវាយប្រហារ តាមអាកាស ត្រូវបានលេចធ្លាយ ដោយបុគ្គលនៅក្នុងសភា។ ប្រភពបាននិយាយថា រដ្ឋបាលបានចែករំលែក ការវាយតម្លៃនេះ ជាមួយសមាជិកសភាកាលពីល្ងាចថ្ងៃចន្ទ ដោយប្រើប្រព័ន្ធសុវត្ថិភាព ដែលគេស្គាល់ថាជា CAPNET ៕
ប្រែសម្រួលៈ ណៃ តុលា
