ទីក្រុងហាណូយ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកដំណើរជនជាតិតៃវ៉ាន់ម្នាក់ ដែលមកដល់ទីក្រុង ហាណូយ ពីកោះតៃវ៉ាន់ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ង រត់ពន្ធមាសជិត ២ គីឡូក្រាមលាក់ទុកនៅក្នុង កែវកាមេរ៉ា។
មាសត្រូវបានរកឃើញ ដោយមន្ត្រីគយនៅអាកាស យានដ្ឋានអន្តរជាតិ Noi Bai កាលពីថ្ងៃពុធ។ ជនជាតិតៃវ៉ាន់រូបនេះ មិនមានអីវ៉ាន់ដែលឆែកឆេរទេ គឺមានតែកាបូប ស្ពាយពណ៌ខ្មៅប៉ុណ្ណោះ។
ក្រោយពីសង្កេតឃើញ មានស្លាកសញ្ញាគួរឲ្យសង្ស័យ មន្ត្រីគយបានត្រួតពិនិត្យវ៉ាលី របស់អ្នកដំណើរ ហើយបានរកឃើញ ដុំមាសចំនួន ១២ ដុំមានទម្ងន់ជិត ២ គីឡូក្រាមមានតម្លៃទីផ្សារប៉ាន់ស្មានជាង ៥.៥ ពាន់លានដុង (២១ម៉ឺនដុល្លារ)។
ដុំមាសត្រូវបានលាក់នៅខាងក្នុងកញ្ចក់កាមេរ៉ាចំនួន ៤ ។ សមត្ថកិច្ចបានប្រគល់វត្ថុតាង ដែលរឹបអូសបាននិង ជនសង្ស័យទៅប៉ូលិសក្រុងហាណូយ ដើម្បីធ្វើការស៊ើបអង្កេតបន្ត៕
