កីឡា

លោក ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបំឡើងដោយសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លោក Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានមានប្រសាសន៍ថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់លោក កែវ រ៉េមី ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសហការីទាំងអស់ ។ លោកបានបន្តថា វត្តមានរបស់ខ្ញុំនាថ្ងៃនេះ គឺចង់បញ្ជាក់នៅការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗ កីឡាករ-កីឡាការិនីទាំងអស់ ដែលបានជ្រើសរើសយកកីឡាតេក្វាន់ដូ ITF ស្របតាមចំណងចំណូលចិត្តរបស់ប្អូនៗ សម្រាប់ការហ្វឹកហាត់កាយសម្បទារបស់ខ្លួនផង ព្រមទាំងឈានដល់ការប្រកួតបង្ហាញសមត្ថភាពជាលក្ខណៈអន្តរជាតិផង។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: បានបញ្ជាក់ថា កីឡាគឺជាស្ពាននៃការរក្សាទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យកាន់តែមានភាពស្និទ្ធស្នាលតាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក។ លើសពីនេះ កីឡាបានរួមចំណែកថែរក្សាកម្លាំងកាយរឹងមាំ លើកកម្ពស់សុខភាព ដែលជាកត្ដាសំខាន់ នៃការផលិតភាពពលកម្ម និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាប្រជាពលរដ្ឋដែលមានគំនិតច្បាស់លាស់ មានភាពងាយស្រួលក្នុងការចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្ដីសង្ឃឹមខ្ពស់ ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើការងារអភិវឌ្ឍន៍ប្រទេសជាតិ។

ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះមានប្រទេសចូលរួមចំនួន៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម ។ ការប្រកួតនេះមានសុទ្ធសឹងជាកីឡាករ-កីឡាការិនីលំដាប់កំពូលរបស់ប្រទេសរៀងៗខ្លួន ខណៈកីឡាករកម្ពុជា ក៏ត្រូវបានជ្រើសរើសកីឡាករ-កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា។ នៅថ្ងៃបើកឆាកដំបូង កម្ពុជាទទួលបានមេដាយសរុបចំនួន ៤២គ្រឿង ក្នុងនោះមេដាយមាសចំនួន១៩ គ្រឿង មេដាយប្រាក់ចំនួន១៨ គ្រឿង និងមេដាយសំរិទ្ធចំនួន៥គ្រឿង៕

ដោយ៖ លី ភីលីព

Most Popular

To Top