កីឡា

កីឡាករខ្សែបម្រើអាហ្សង់ទីន Camilo Nuin  អាយុ ១៨ ឆ្នាំបានស្លាប់អំឡុងពេលវះកាត់ជង្គង់

VN Express

អាហ្សង់ទីន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Camilo Nuin អាយុ ១៨ ឆ្នាំបានទទួលមរណភាពអំឡុងពេលវះកាត់ជង្គង់ក្នុងសប្តាហ៍នេះ ដោយមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានកំណត់នៅឡើយ។

ក្លិប San Telmo ជាក្លិបកងពលធំទី២ នៅប្រទេសអាហ្សង់ទីនបានប្រកាសកាលពីថ្ងៃពុធថា វាជារឿងសោកសៅយ៉ាងខ្លាំងដែលយើងលាគ្នាទៅកាន់កីឡាករ Camilo Nuin ជាកីឡាករបម្រុងបានទទួលមរណភាពនៅព្រឹកនេះ ។ យើងឈរជាមួយគ្រួសាររបស់ Nuin និងមនុស្សជាទីស្រលាញ់របស់គាត់ក្នុងគ្រាដ៏លំបាកនេះ។ កេរដំណែលរបស់គាត់នឹងនៅជាមួយក្រុមជារៀងរហូត។

កីឡាករ Nuin ជាខ្សែបម្រើជើងឆ្វេងតែងតែពាក់អាវលេខ ១០ លេងបាន ៨២ ប្រកួតសម្រាប់ក្រុមបម្រុងរបស់ San Telmo ។ កីឡាករកើតនៅ Padua, Greater Buenos Aires, លោក Nuin បានហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ Boca Juniors និង Independiente មុនពេលចូលរួមជាមួយ San Telmo កាលឆ្នាំ ២០២២ ។ នៅពេលគាត់ទទួលមរណភាព San Telmo ស្ថិតនៅលេខ ១១ ក្នុងពូល B នៃផ្នែកទី២របស់ប្រទេសអាហ្សង់ទីន។

យោងតាម La Nacion បាននិយាយថា Nuin បានទទួលការវះកាត់ជង្គង់ដើម្បីបង្កើតឡើងវិញនូវសរសៃចងដែលជារបួសធម្មតាប៉ុន្តែធ្ងន់ធ្ងរក្នុងកីឡាបាល់ទាត់។ ជាធម្មតា កីឡាករជាសះស្បើយពីនីតិវិធីបែបនេះត្រូវការយ៉ាងហោចណាស់ប្រាំបួនខែមុនពេលត្រឡប់ទៅទីលានវិញ។ ដំណឹងមរណភាពរបស់កីឡាករ Nuin ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ដោយអ្នកខ្លះសម្ដែងការមិនជឿ កីឡាករម្នាក់អាចស្លាប់ក្នុងពេលវះកាត់ជង្គង់ក្នុងសម័យទំនើប។

ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន (AFA) លោក Claudio Tapia ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងនូវ “ទុក្ខសោកយ៉ាងជ្រាលជ្រៅ” និងចូលរួមរម្លែកទុក្ខដល់គ្រួសាររបស់ Nuin និង San Telmo ។ មូលហេតុនៃការស្លាប់របស់ Nuin នៅមិនទាន់ដឹងនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងរង់ចាំលទ្ធផលធ្វើកោសល្យវិច័យ៕

Most Popular

To Top