ភ្នំពេញ៖ ក្នុងឱកាសពិធីចែកមេដាយជូនក្រុមកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ ២០២៥ (The 2nd Southeast Asian Taekwondo Championships 2025 ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា លោក Grand Master Professor RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិ។

ការប្រកួតខាងលើកនេះគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៤២គ្រឿង ក្នុងនោះមេដាយមាសចំនួន១៩ គ្រឿង មេដាយប្រាក់ចំនួន១៨ គ្រឿង និងមេដាយសំរិទ្ធចំនួន៥គ្រឿង តាមក្រោយដោយប្រទេសម៉ាឡេស៊ីដណ្តើមបានមេដាយ ២២ គ្រឿង រួមមានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ចំនួន៥ គ្រឿង និងមេដាយសំរិទ្ធចំនួន ១២ គ្រឿង។

ចំណែកប្រទេសសិង្ហបូរីដណ្តើមបានមេដាយប្រាក់ចំនួន១ គ្រឿង និងមេដាយសំរិទ្ធចំនួន ២ គ្រឿង ប្រទេសវៀតណាមដណ្តើមបានមេដាយ សំរិទ្ធចំនួន ១៥ គ្រឿង និងប្រទេសហ្វីលីពីនដណ្តើមបានមេដាយ សំរិទ្ធចំនួន ៤ គ្រឿង៕





ដោយ៖ លី ភីលីព
