ភ្នំពេញ៖ លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមានបានដឹកនាំក្រុមកីឡាករ-កីឡាការិនីក្លិបកីឡាការ៉ាតេហនុមានចំនួន ២៥ នាក់ចូលរួមកម្មវិធីរត់កម្សាន្តក្រោមប្រធានបទ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា”ដែលជាគំនិតផ្តួចផ្តើមរបសលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

កម្មវិធីរត់កម្សាន្តនេះជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅសេះសមុទ្របាញ់ទឹក ក្រុងកំពត ខេត្តកំពត។

ការរត់សប្បុរសធម៌នេះ អភិបាលនៃគណៈអភិបាលខេត្តកំពតសហការរៀបចំពីក្រុមរត់ SUSU & KK Running Club។ ទីតាំងរត់ នឹងធ្វើនៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ដែលមានរយៈចម្ងាយ ៣គីឡូម៉ែត្រ ចម្ងាយ ៥ គីឡូម៉ែត្រ និង ចម្ងាយ ១០ គីឡូម៉ែត្រ។

មូលនិធិគន្ធបុប្ផា បានចាប់ផ្ដើមធ្វើយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រយៈពេល ១ ខែ គឺចាប់ថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីកៀរគរថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីរួមគ្នាក្នុងស្មារតី ខ្មែរជួយខ្មែរ ក្នុងការក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា៕
ដោយ៖ លី ភីលីព
