កីឡា

គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា រៀបចំកម្មវិធីលេងកីឡា សម្រាប់ក្មេងបញ្ញាខ្សោយ ចាប់ពីអាយុ ២ ឆ្នាំរហូតដល់ ៧ ឆ្នាំនៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានសហការជាមួយមន្ទីរអប់រំកាយ និងកីឡា ខេត្តកណ្តាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីលេងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយចាប់ពីអាយុ ២ ឆ្នាំរហូតដល់ ៧ ឆ្នាំ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ដែលប្រព្រឹត្តិមួយជំរុញ ក្មេងហ្វឹកហាត់ និងចូលរួមសកម្មភាព កីឡាផ្សេងៗដើម្បីសុខភាព។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានប្រាប់ឲ្យដឹងថា ថ្ងៃនេះគណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីលេងកីឡាសម្រាប់ក្មេងបញ្ញាខ្សោយចាប់ពីអាយុ ២ ឆ្នាំរហូតដល់ ៧ ឆ្នាំ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅយោងតាមផែនការមេរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និង តាមការអង្អុលបង្ហាញរបស់លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្លាយជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ។

លោកអគ្គលេខាធិការ បានបន្តថា ម៉្យាងវិញទៀត គណៈកម្មាធិការបានបន្តជំរុញ និងចូលរួមសហការ ជាមួយអង្គការ ដៃគូពាក់ព័ន្ធនានាបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និង ជនមិនមានពិការភាពផងដែរ ។ ទាំងនេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកក្នុងការ អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា ។

មួយវិញទៀត ដោយការ វិវឌ្ឍនៅមានកម្រិត ជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយ ឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ ចលនាកីឡាស្ប៉េ ស្យាល់អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕

Most Popular

To Top