កីឡា

លោក កាង ដែនពិសិដ្ឋ លោក ហែម ថុនពន្លឺ និងមន្ត្រីកីឡាកម្ពុជា៦រូបទៀត បញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំព្រឹត្តិការណ៍ កីឡានៅចិន

ខេត្តសានទុង ៖ លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកជម្រើសជាតិ កីឡាចំបាប់កម្ពុជា លោក ហែម ថុនពន្លឺ គ្រូបង្វឹកជម្រើសជាតិ ហែលទឹកកម្ពុជា និងមន្រ្តីជាច្រើនរូបទៀត នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំ ព្រឹត្តិការណ៍កីឡា (Sports Events Management) នៅសណ្ឋាគារHualan ទីក្រុងឈីនតាវ ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីសិក្សាអស់រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក កាង ដែនពិសិដ្ឋ បានប្រាប់ តាមអនឡាញពីប្រទេសចិនថា លោកស្រី Liu Min នាយិកាមហាវិទ្យាល័យ ពាណិជ្ជកម្មបរទេស សានទុង បានអញ្ជើញជាអធិបតីក្នុងពិធីលោកស្រីនាយិកា បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សិក្ខាកាមក្នុងការយកចិត្តទុកដាក់ក្រេបជញ្ជក់ យកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីគ្រូឧទ្ទេសពាក់ព័ន្ធ នឹងការរៀបចំព្រឹត្តិការណ៍ កីឡាអស់រយៈពេល២១ថ្ងៃ។ ហើយវគ្គនេះផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹង និងជំនាញច្បាស់លាស់ក្នុងការធ្វើផែនការ រៀបចំ ផ្សព្វផ្សាយ និងវាយតម្លៃព្រឹត្តិការណ៍កីឡានានា រួមបញ្ចូលគ្នានូវទ្រឹស្តី នៃការគ្រប់គ្រង ជាមួយនឹង ការអនុវត្តជាក់ស្តែង។

គ្រូបង្វឹកជម្រើសជាតិកីឡា ចំបាប់កម្ពុជា បានបន្តថា លោកស្រី បានផ្តាំផ្ញើឲ្យសិក្ខាកាម ទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែល ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងប្រទេសជាតិរៀងៗខ្លួន និងត្រូវបន្ដសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ចំណេះដឹងឆ្ពោះទៅរកការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងអន្ដរជាតិនានាឱ្យសមស្របទៅតាមស្តង់ដា។

សូមបញ្ជាក់ថា វគ្គនេះធ្វើឡើង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានសិក្ខាកាមចំនួន២៥នាក់ មកពីបណ្តាប្រទេស ចូលរួមចំនួន១១ប្រទេស រួមមាន កម្ពុជា កូម៉ូរូស តង់ហ្សានី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប បារ៉ែន ណូរូ តុងហ្គា ហ្រ្គីណាដា ម៉ៅរីធើស និងណារុ រៀបចំដោយមហាវិទ្យាល័យ ពាណិជ្ជកម្មបរទេសសានទុង និងឧបត្ថម្ភគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន៕

Most Popular

To Top