អាមេរិក៖យោងតាមរបាយការណ៍ចុងក្រោយ របស់នាយកដ្ឋានយុត្តិធម៌ សហរដ្ឋអាមេរិក (DOJ) បានឲ្យដឹងថា ក្រុម Hacker ដែលធ្វើការឲ្យក្រុមជួញដូរគ្រឿងញៀន ដ៏មានឥទ្ធិពលបំផុត របស់ប្រទេសម៉ិកស៊ិក បានចូលប្រើប្រាស់ កំណត់ត្រាទូរស័ព្ទ និងទិន្នន័យទីតាំង ភូមិសាស្ត្ររបស់ភ្នាក់ងារ FBI ជាន់ខ្ពស់ ត្រូវបានចាត់តាំងឲ្យស្ថានទូតអាមេរិក ក្នុងប្រទេសនេះយោងតាមការ ចេញផ្សាយពីគេហទំព័រ RT។
ឧបទ្ទវហេតុនេះបានកើតឡើងកាលឆ្នាំ ២០១៨ នៅពេល FBI កំពុងធ្វើការលើសំណុំរឿង ដ៏ល្បីមួយប្រមូលភស្តុតាង ប្រឆាំងនឹងស្តេចគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីឈ្មោះ លោក Joaquin Guzman Loera ដែលមានរហស្សនាមថា “El Chapo” ជាមេដឹកនាំយូរអង្វែងនៃក្រុម Sinaloa ។
របាយការណ៍បាននិយាយថា ប្រតិបត្តិករ អ៊ីនធើណេត ត្រូវបានជួលដោយក្រុមក្មេងទំនើង ក៏បានគ្រប់គ្រងចូល ទៅក្នុងបណ្តាញ CCTV របស់ទីក្រុងម៉ិកស៊ិក ដោយធ្វើឲ្យក្រុមជួញដូរ តាមដានចលនារបស់ភ្នាក់ងារ និងកំណត់អត្តសញ្ញាណបុគ្គលដែលគាត់បានជួប និងខ្លះក្រោយមក ត្រូវបានបំភិតបំភ័យ ឬសម្លាប់។
ក្រោមការដឹកនាំរបស់លោក Guzman ក្រុមជួញ ដូរគ្រឿងញៀន Sinaloa បានក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងញៀន ដ៏សំខាន់ដល់អាមេរិក ដោយបានជួញដូរកូកាអ៊ីន ហេរ៉ូអ៊ីន មេតំហ្វេតាមីន និងកញ្ឆាយ៉ាងច្រើន។
លោក Guzman ត្រូវបានចាប់ខ្លួន នៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០១៦ ហើយបានធ្វើបត្យាប័ន ទៅអាមេរិក។ នៅឆ្នាំ២០១៩ តុលាការសហព័ន្ធនៅទីក្រុង Brooklyn បានកាត់ទោសលោក ឲ្យជាប់គុកអស់មួយជីវិតបូកនឹង ៣០ ឆ្នាំ។ ឥឡូវនេះលោកកំពុងជាប់ទោសនៅ ADX Florenceជាពន្ធនាគារសហព័ន្ធ ដែលមានសុវត្ថិភាពបំផុតនៅអាមេរិក។
ការចាប់ខ្លួនរបស់លោកមិន បាននាំមកនូវការបញ្ចប់ដល់ក្រុមជួញដូរទេ ។ ការផ្លាស់ប្តូរអំណាច ទៅកាន់មេដឹកនាំផ្សេងទៀត និងលំហូរនៃគ្រឿងញៀន ភាគខាងជើង បានបន្តឥតឈប់ឈរ។
របាយការណ៍របស់ DOJ បាននិយាយថា ភាពជឿនលឿន នាពេលថ្មីៗនេះក្នុងបច្ចេកវិទ្យាឃ្លាំមើល និងលទ្ធភាពរបស់ពួកគេ ចំពោះក្រុមឧក្រិដ្ឋជន និងប្រទេសដែលមិនសូវទំនើប ឥឡូវនេះត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដែលមានស្រាប់ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដូចជា FBI និង CIA ៕
