ភ្នំពេញ៖ក្រុមជើងខ្លាំង ៣ ក្រុមដណ្តើមបានកៅអៅ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជន សង្គមយើង” ប្រព្រឹត្តទៅក្រោម គំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ការប្រកួតនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ អីលីហ្វេន អេហ្វធី បានចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកមុខកំពូល ក្នុងលទ្ធផល ១ ទល់នឹង ៣ ក្រុមបាល់ទាត់ ស៊ីប៊ែល អេហ្វីស៊ី ក៏ប្រកួតចាញ់ក្រុមបាល់ទាត់ អាណាចក្របៃតង ក្នុងលទ្ធផល ០ ទល់នឹង ១ និង ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ បានយកឈ្នះលើ ក្រុមបាល់ទាត់ ទូហ្វូ អាមី អេហ្វីធី ក្នុងលទ្ធផល ៥ ទល់នឹង ៤ ដោយគ្រាប់ប៉េណាល់ទី បន្ទាប់ពីការប្រកួត ៩០ នាទី ស្មើគ្នា ១ទល់នឹង ១ នៅទីលានបាល់ទាត់ AUPP។

ដូច្នេះក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកមុខកំពូល ក្រុមបាល់ទាត់ អាណាចក្របៃតង ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ បានក្លាយជាក្រុមជើងខ្លាំងទំាង ៣ ក្រុមដែលមានឱកាសឡើងទៅវគ្គ៨ ចុងក្រោយក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ និងរងចាំក្រុមជើងខ្លាំង ៥ ទៀត។
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់អាវតាប្រកួតនឹង ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាល ក្រុមបាល់ទាត់ ស.ស.យ.ក ដីរីអង្គរ ប៉ះជាមួយក្រុមបាល់ទាត់ អាល់ អះលី អេហ្វីស៊ី ចំណែកថ្ងៃទី៥ ក្រុមបាល់ទាត់ ៩៩៩ ប៉ះនឹងក្រុមបាល់ទាត់ ឌី អាយ ធី លេដេន ក្រុមបាល់ទាត់ គោពិឃាត អេហ្វីស៊ី ប្រកួតនឹងក្រុមបាល់ទាត់ ចំការមនឡាយអិន អេហ្វីស៊ី និងថ្ងៃទី៧ ក្រុមបាល់ទាត់ ក្រពុំកោះដាច់ យូណាយធីតជួបនឹងក្រុមបាល់ទាត់សង្រ្កាន្តវិទ្យាល័យ ។
SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស ស្មារតីសាមគ្គីភាព ជាពិសេស ក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់ យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការ បញ្ចេញសមត្ថភាព ដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។

ការប្រកួត SOCCER LEAUGE ជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឲ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ អាចនិយាយបានយ៉ាង សាមញ្ញថា SOCCER LEAGUE គឺជាការប្រកួតកីឡា ក្នុងមហាគ្រួសារយុវជន ព្រមទាំងជួយបំផុសស្មារតី កីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារីឲ្យកាន់តែមានសន្ទុះ និងមានវត្តមានទាំងលើឆាកជាតិ និង អន្តរជាតិជាបន្តបន្ទាប់ ។
ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
