កីឡា

លោកស្រី ហង់ ស៊ីមន ៖ កីឡាករ-កីឡាការិនីរាំកម្ពុជា នឹងព្យាយាមឲ្យអស់ ពីសមត្ថភាព ដើម្បីដណ្តើមមេដាយ ជូនការប្រកួត WDSF Southeast Asain Championship 2025 នៅវៀតណាម

ភ្នំពេញ ៖ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានជូនដំណើរ ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៤នាក់ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡារាំជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៥ “WDSF Southeast Asain Championship 2025” ដែលប្រឹព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម និយមវៀតណាម។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡារាំកម្ពុជានឹងបានបញ្ជូនគណៈប្រតិភូចំនួន ២៤ នាក់ចូលរួមការប្រកួត កីឡារាំ wDSF Asian-South East Asian Championship 2025 ដោយមានកីឡាករ-កីឡាការិនីកម្ពុជា និងអន្តរជាតិមកពី ៣៧ប្រទេសចូលរួម ។ ចំណែកអត្តពលិកប្រកួតលើវិញ្ញាសា Latin Dance និង Standard Dance, Solo Latin Dance និង Solo Standard Dance ។

លោកស្រី ហង់ ស៊ីមន យល់ថា អត្ដពលិកកម្ពុជា នឹង ពិបាកដណ្ដើមមេដាយ ព្រោះតែប្រទេសចូលរួមសុទ្ធ តែមានបទពិសោធន៍ ប្រកួតកម្រិតអន្ដរជាតិ និងកម្រិតពិភលោក ខណៈកម្ពុជាពុំសូវបានចូល រួមប្រកួតក្នុងកម្រិតអន្ដរជាតិ។ យ៉ាងណាក៏ដោយ អគ្គលេខាធិការរូបនេះ នៅតែដាក់ការរំពឹងទុកថា អត្ដពលិកកម្ពុជា អាចដណ្ដើមបានមេដាយណាមួយ ព្រោះតែការសម្រុក និងប្រឹងប្រែងហ្វឹកហាត់ ដោយមិនគិត ពីពេលសម្រាកផ្ទាល់ខ្លួន។

លោកស្រីអគ្គលេខាធិការ សហព័ន្ធកីឡា រាំកម្ពុជា បានបន្តថា កីឡាករ-កីឡាការិនីកម្ពុជា បានប្រឹងប្រែងហ្វឹកហាត់ យ៉ាងសកម្មជារៀងរាល់ថ្ងៃ មិនគិតពីថ្ងៃឈប់សម្រាកឡើយ ។ ការប្រកួតនេះអាចពិបាក សម្រាប់កម្ពុជាយើង ព្រោះគូប្រកួតមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ សុទ្ធតែជាជើងខ្លាំង ដែលធ្លាប់ប្រកួតកម្រិតពិភពលោកជាច្រើនដង។ ប៉ុន្ដែកម្ពុជា យើងដាក់ការ ប្រឹងប្រែងហ្វឹកហាត់ ។ ខ្ញុំរំពឹងថាការប្រកួតនេះ អត្ដពលិកកម្ពុជាយើង នឹងទទួលបានមេដាយ ក្នុងកម្រិតណាមួយមិនខាន។ ពួកគាត់ប្រឹងប្រែងហ្វឹកហាត់ មែនទែនសម្រាប់ការប្រកួតនេះ។

ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ២៤នាក់ រួមមានលោក ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ ជាប្រធានប្រតិភូ លោកស្រី YOU SHU JIE គ្រូបង្វឹកក្រុមជម្រើសជាតិ និងកីឡាករចំនួន ៥ នាក់ កីឡាករ សេង សុគីម កីឡាករជម្រើសជាតិ កីឡាករ ភុន ស៊ីវុត កីឡាករជម្រើសជាតិ កីឡាករ ជុំ លីហៀង កីឡាករជម្រើសជាតិ កីឡាករ ឱ មេត្តា កីឡាករជម្រើសជាតិ កីឡាករ ឡុង ចំណូល កីឡាករជម្រើសជាតិ។

កីឡាការិនីចំនួន ៥ នាក់ គឺកីឡាការិនី ម៉ូវ ដានីតា កីឡាការិនីជម្រើសជាតិ កីឡាការិនី សាន រ៉ូហ្ស កីឡាការិនីជម្រើសជាតិ កីឡាការិនី ឱ រក្សា កីឡាការិនីជម្រើសជាតិ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី កីឡាការិនីជម្រើសជាតិ កីឡាការិនី លាង ឡុងអឺ កីឡាការិនីជម្រើសជាតិ។

លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា សហព័ន្ធក៏បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីថ្នាលចូលរួមដែរ គឺកីឡាករ គឹម ហួរ កីឡាករថ្នាល កីឡាករ ឃីម ហុង កីឡាករថ្នាល កីឡាករ ជុំ រាជា កីឡាករបម្រុង កីឡាករ ជុំ រាជវជីរៈកីឡាករបម្រុងកីឡាករ សេង សុខគ័ង កីឡាករបម្រុង និងកីឡាការិនី ឱ រចនី កីឡាការិនីបម្រុង កីឡាការិនី សុខ ចិន្ត កីឡាការិនី ណាប់ ម៉ូល្លិកាទេពីន កីឡាការិនី៕

Most Popular

To Top