ភ្នំពេញ ៖ ក្រុមបាល់ទាត់ អាណាចក្របៃតង ប៉ះជាមួយក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ ពាន់រង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជនសង្គមយើង” ប្រព្រឹត្តទៅក្រោមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីឲ្យយុវជន នាំលេងកីឡា ក្នុងគោលបំណងបង្កើន ស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ។
ចំពោះការប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ អាណាចក្របៃតងជួប ជាមួយក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ទីលានបាល់ទាត់ AUPP ខណៈក្រុមបាល់ទាត់ គោពិឃាត អេហ្វស៊ីប្រកួតនឹង ក្រុមបាល់ទាត់ អាល់អាស់លី អេហ្វស នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ទីលានបាល់ទាត់ AUPP ។

SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស ស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសមត្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។

ការប្រកួត SOCCER LEAUGE ជារៀងរាល់ឆ្នាំក្នុងគោលបំណងចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់ នៅកម្ពុជា និងដើម្បីពង្រឹងយុវជនឲ្យមានសមត្ថភាព មានស្មារតីសាមគ្គីភាព មានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ អាចនិយាយបានយ៉ាងសាមញ្ញថា SOCCER LEAGUE គឺជាការប្រកួតកីឡាក្នុង មហាគ្រួសារយុវជន ព្រមទាំងជួយបំផុសស្មារតី កីឡាបាល់ទាត់ទាំងផ្នែកបុរស និងនារីឲ្យកាន់តែមានសន្ទុះ និងមានវត្តមានទាំងលើឆាកជាតិ និង អន្តរជាតិជាបន្តបន្ទាប់ ។

ជាពិសេសបំផុសស្មារតី មន្ត្រីរាជការមកពីអង្គភាព ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖លី ភីលីព
