ព័រទុយហ្គាល់ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Katia Aveiro បាននិយាយការពារ បងប្រុសរបស់នាង គឺកីឡាករបាល់ទាត់ឆ្នើម ព័រទុយហ្គាល់ Cristiano Ronaldo បន្ទាប់ពីមានការរិះគន់ ជាសាធារណៈជុំវិញការអវត្តមានរបស់គាត់ ពីពិធីបុណ្យសពរបស់មិត្តរួម ក្រុមព័រទុយហ្គាល់ កីឡាករបាល់ទាត់ Diogo Jota ។
ការបង្ហោះសារលើបណ្តាញសង្គម Instagram ជាបន្តបន្ទាប់ នាង Katia បានប្រកែកថា បងប្រុស Ronaldo បានធ្វើការសម្រេចចិត្តយ៉ាង ប្រុងប្រយ័ត្នក្នុងការមិនចូលរួម ដោយបង្ហាញថា វត្តមានរបស់គាត់អាចទាក់ ទាញការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយឲ្យឆ្ងាយពីពិធីបុណ្យសព ។ នាងបានហៅការផ្តោតលើការអវត្តមានរបស់គាត់ថា ជាការសោកស្ដាយ ដោយជំរុញឲ្យសាធារណជន និងសារព័ត៌មានគោរព ដល់គ្រួសាររបស់លោក Jota។
លោក Jota និងប្អូនប្រុសរបស់គាត់ឈ្មោះ Andre បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សោកនាដកម្មមួយកាលពីថ្ងៃទី ៣ ខែកក្កដា នៅលើផ្លូវហាយវេ A-52 ទីក្រុង Zamora ប្រទេសអេស្ប៉ាញ។ រថយន្តរបស់ពួកគេត្រូវបានគេរាយការណ៍ថា បានរងការបែកកង់រថយន្ត បាត់បង់ការគ្រប់គ្រង ក្រឡាប់ជាច្រើនដង និងឆេះ ។
២ ថ្ងៃក្រោយមក សមាជិក នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ បានប្រមូលផ្តុំគ្នានៅព្រះវិហារ Igreja Matriz de Gondomar ដើម្បីគោរពរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ Ronaldo មិនបានចូលរួមនោះទេ ត្រូវបានគេរាយ ការណ៍មកថា ដើម្បីជៀសវាងការបិទបាំង ពិធីបុណ្យសពនៅ ក្នុងទីក្រុងតូចមួយនៃ Gondomar ។
យោងតាមកំណត់ត្រាបានឲ្យដឹងថា លោក Ronaldo បានទាក់ទងដោយផ្ទាល់ទៅ ក្រុមគ្រួសាររបស់លោក Jota ដើម្បីចូលរួមរំលែកទុក្ខ និងផ្តល់ការគាំទ្រ។
នេះបើយោងតាមកាសែត Daily Mail បាននិយាយថា ទោះជាយ៉ាងនេះក្តី អ្នកមានឥទ្ធិពលមួយចំនួនបានចាត់ទុក អវត្តមានរបស់កីឡាករ Ronaldo ថា មិនអាចពន្យល់បាន ហើយអ្នកគាំទ្រមួយចំនួនបានសម្តែងការខកចិត្ត ដែលប្រធានក្រុមជម្រើសជាតិ មិនបានកាត់បន្ថយវិស្សមកាល របស់គាត់ដើម្បីចូលរួមពិធីបុណ្យសព ។
លោក Ronaldo អាយុ ៤០ ឆ្នាំ ចាស់ជាងលោក Jota ១១ ឆ្នាំ។ អ្នកទាំង ២ បានចែករម្លែកទីលានក្នុង ៣២ ប្រកួតសម្រាប់ព័រទុយហ្គាល់ ដោយបានរួមចំណែកចំនួន ៧ គ្រាប់ ហើយថ្មីៗនេះបានជួយក្រុមឲ្យទទួលបានពានរង្វាន់ UEFA Nations League 2025 ក្នុងខែមិថុនា៕
