កីឡា

បិទវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ” ត្រៀមការប្រកួតកីឡាបាល់ទឹកជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥

ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោកគ្រូ WAI PIEW TING ជនជាតិសិង្ហបុរី ជាមន្ត្រីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកអន្តរជាតិ(ITO Water Polo) ទទួលស្គាល់ដោយសហព័ន្ធកីឡាក្នុងទឹកអន្តរជាតិ (World Aquatics) នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល“មន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ” ត្រៀម “ការប្រកួតកីឡាបាល់ទឹកជើងឯកថ្នាក់ជាតិ” លើកទី១ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា វគ្គនេះមានសារសំខាន់សម្រាប់សិក្ខាកាមចូលរួមជាមន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ ហើយក៏ជាវគ្គដំបូងសម្រាប់សហព័ន្ធដែលបានរៀបចំឡើងដើម្បីជំរុញ និងអភិឌ្ឍនប្រភេទកីឡាបាល់ទឹកក្នុងប្រទេសកម្ពុជា ក្រោយពីកម្ពុជាបញ្ចប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 ក្នុងនោះកម្ពុជាបានដាក់វិញ្ញសាកីឡាបាល់ទឹកប្រកួតដែរ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរបានបន្តថា វគ្គជាផ្នែកមួយអភិវឌ្ឍវិស័យកីឡាបាល់ទឹកក្នុងប្រទេសកម្ពុជាដើម្បីឲ្យរីកចម្រើនទៅមុខ ក៏ដូចជាបង្កើននូវចំនួនធនធានមន្រ្តីគណៈកម្មការបច្ចេកទេស ដែលមានការទទួលស្គាល់ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ។ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំវគ្គបណ្តុះបណ្តាល “មន្រ្តីគណៈកម្មការបច្ចេកទេសកីឡាបាល់ទឹកថ្នាក់ជាតិ” ក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធន៍ និងបញ្ចាបច្ចេកទេសថ្មីៗកីឡាបាល់ទឹក។ លោកបានបញ្ជាក់ថា វគ្គជួយបង្កើននូវធនធានមន្រ្តីគណៈកម្មការបច្ចេកទេស ត្រៀមចូលរួមការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក។

លោក ហែម គីរី បានបញ្ជាក់ថា ក្រោយទទួលចំណារឯកភាពពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សា- អភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំ “ការប្រកួតកីឡាបាល់ទឹកជើងឯកថ្នាក់ជាតិ” លើកទី១ ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។សមាសភាពក្រុមចូលរួមប្រកួត ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបព្រឹទ្ធាចារ្យ ហែម ថុន និងក្លឹបនាគរាជកំពង់ចាម៕

ដោយ៖ លី ភីលីព

Most Popular

To Top