កីឡា

លោក ហែម គីរី ៖ សហព័ន្ធហែលទឹក ជំរុញឲ្យមានការប្រកួត បាល់ទឹកជាប្រចាំ ដើម្បីការអភិវឌ្ឍស្របគ្នា នឹងប្រភេទកីឡាហែលទឹក

ភ្នំពេញ ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ក្នុងឆ្នាំដំបូង ដើម្បីជំរុញដល់ដំណើរ ការអភិវឌ្ឍឱ្យដើរទន្ទឹមគ្នា ជាមួយប្រភេទកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាលោតទឹក ។

លោក ហែម គីរី លើកឡើងទៀតថា ការរៀបចំការប្រកួតកីឡាបាល់ទឹក ថ្នាក់ជាតិនេះ ត្រូវបានធ្វើឡើង ក្រោមការចង្អុល បង្ហាញណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមឧបនាយករដ្ឋមន្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយធ្វើយ៉ាងណាជំរុញឱ្យប្រភេទកីឡាបាល់ទឹក (Water Polo) នេះមានសកម្មភាពហ្វឹកហាត់ និងការប្រកួតជាប្រចាំ ក្នុងឆ្នាំនីមួយៗតទៅមុខទៀត ។ លោករម្លឹកថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ កន្លងទៅ ប្រភេទកីឡាបាល់ទឹក នេះត្រូវបានរៀប ចំឱ្យមានការប្រកួតដែរ ប៉ុន្តែកម្ពុជាមិនទទួលបានលទ្ធផលចំណាត់ថ្នាក់ល្អនោះទេ ប៉ុន្តែសហព័ន្ធខ្មែរកីឡា ហែលទឹកមិនចុះចាញ់ ឬបោះបង់ក្តីសង្ឃឹមក្នុងការបន្តការ អភិវឌ្ឍនោះឡើយ ដោយនៅឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំ ជាលើកដំបូង សម្រប់ការចូលរួមប្រកួតក្នុងស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា នាថ្ងៃអនាគត។

លោកអគ្គលេខាធិការបន្ថែមថា ដោយទទួលបានការគាំទ្រ ពី សហព័ន្ធក្នុងទឹកអន្តរជាតិ និងជំរុញលើកទឹកចិត្ត ពីលោកឧបនាយករដ្ដមន្ត្រី ស៊ុន ចាន់ថុល សហព័ន្ធក៏បានរៀបចំការប្រកួតកីឡាបាល់ទឹក ថ្នាក់ជាតិជាលើកដំបូង ដោយការចាប់ផ្តើមដំបូងនេះ សហព័ន្ធទទួលបានការចូលរួមពី៤ក្លឹបប៉ុណ្ណោះ ដូចជាក្លឹបព្រឹទ្ធាចារ្យ ហែមថុន ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបខេត្តកំពង់ចាម និងក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាគោលដៅ យើងចង់បានការ ចូលរួមពីក្លឹបច្រើនជាងនេះ ប៉ុន្តែការបណ្តុះបណ្តាលរបស់សហព័ន្ធនៅមានកម្រិត ទើបសហព័ន្ធទទួល បានការចូលរួមត្រឹម៤ក្លឹប ហើយនៅឆ្នាំបន្តបន្ទាប់ យើងនឹងបង្កើនការបណ្តុះបណ្តាល ធនធានប្រភេទកីឡាបាល់ទឹកនេះ ឱ្យបានកាន់តែច្រើន ។

សហព័ន្ធខ្មែរកីឡាហែលទឹកមានឆន្ទៈ ក្នុងការជំរុញប្រភេទកីឡាបាល់ទឹកនេះ ឱ្យមានភាពរីកចម្រើននាថ្ងៃអនាគត ជាក់ស្តែងកីឡាបាល់ទឹកនេះត្រូវបានជំរុញ ឱ្យមានការប្រកួតថ្នាក់ជាតិឆ្នាំដំបូងឡើង ហើយជាលទ្ធផលគួរឱ្យកត់សម្គាល់នោះ យើងឃើញថា ក្លឹបមកពីខេត្តកំពង់ចាម ដែលឈ្នះជើង ឯកថ្នាក់ជាតិបាល់ទឹក ឆ្នាំ២០២៥នេះ។ មន្ត្រីបច្ចេកទេស កីឡាបាលទឹកកម្ពុជាទាំងអស់ក៏ ទទួលបានការបណ្តុះបណ្តាលពីគណៈកម្មការបច្ចេកទេស អន្តរជាតិរយៈពេល ២ថ្ងៃ មុនការប្រកួតចូលមកដល់ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥នេះ ក្រុមជើងឯកបានទៅលើក្លឹបនាគរាជ ខេត្តកំពង់ចាម បន្ទាប់ពីបានយកឈ្នះក្លឹបក្រសួងសាធារណ និងដឹកជញ្ជូន ដោយលទ្ធផល ៣-២គ្រាប់ ខណៈក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយយកឈ្នះក្លឹបព្រឹទ្ធាចារ្យ ហែម ថុន ដោយលទ្ធផល ១១-៥គ្រាប់៕

Most Popular

To Top