អាល្លឺម៉ង់ ៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ដែលជាប្រធានប្រតិភូ បានដឹកនាំក្រុមកីឡានិស្សិតកម្ពុជា ចូលរួមកម្មវិធីបើកជាផ្លូវការនៃការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នាទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ នៅកីឡដ្ឋាន Schauinsland-Reisen-Arena in Duisburg ។

ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ រហូតដល់ថថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលមានកីឡាករ-កីឡាការិនីអន្តរជាតិ និងអន្តរជាតិជាង ១២០ ប្រទេសចូលរួម ព្រមទាំងប្រតិភូ កីឡាករ-កីឡាការិនីចំនួន ៨៥០០នាក់ លើ ១៨ ប្រភេទកីឡា។

ចំណែកកម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡា ៣៥ រូបលើ ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕

