ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកវាយប្រហារលើតំបន់វិមានប្រធានាធិបតីស៊ីរី និងទីបញ្ជាការកងទ័ពក្នុងក្រុងដាម៉ាស់

យេរ៉ូសាឡឹម៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ពួកគេឆ្លងកាត់ភាគខាងត្បូងប្រទេសស៊ីរីកាលពីថ្ងៃពុធ ដោយបានវាយប្រហារទីស្នាក់ការអគ្គបញ្ជាការកងទ័ពស៊ីរី និងតំបន់វិមានប្រធានាធិបតីនៅកណ្តាលក្រុងដាម៉ាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកងារសារព័ត៌មានចិនស៊ិនហួ។

អាជ្ញាធរសុខាភិបាលស៊ីរីបានឲ្យដឹងថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារលើរដ្ឋធានី ដែលរាប់បញ្ចូលទាំងការវាយឆ្មក់តាមអាកាសយ៉ាងតិចប្រាំដាច់ដោយឡែកពីគ្នា សំដៅទៅលើកណ្តាលក្រុងដាម៉ាស់។ វីដេអូដែលបានចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីទិដ្ឋភាពផ្សែងហុយចេញពីទីលាន Umayyad ជាកន្លែងដែលអគារបញ្ជាការសំខាន់របស់កងទ័ពស៊ីរីស្ថិតនៅ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ផ្នែកខ្លះនៃទីស្នាក់ការកណ្តាល និងអាជ្ញាធរការពារជាតិត្រូវបានបំផ្លាញ ហើយការវាយប្រហារបន្ថែមបានវាយប្រហារអគារនានានៅក្នុងសង្កាត់ al-Malki  និងនៅជិតវិមាន Tishreen ដែលជាវិមានប្រធានាធិបតីស៊ីរី។ ជោគវាសនានៃការរស់រានមានជីវិតរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងកន្លែងនោះនៅមិនទាន់ដឹងនៅឡើយទេ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានបញ្ជាក់ពីប្រតិបត្តិការដោយថា “ទីបញ្ជាការយោធាក្នុងក្រុងដាម៉ាស់ គឺជាទីតាំងដែលមេបញ្ជាការរបបស៊ីរីដឹកនាំប្រតិបត្តិការប្រយុទ្ធ និងដាក់ពង្រាយកម្លាំងរបបទៅតំបន់ Sweida”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបានបន្ថែមថា “គោលដៅយោធានៅក្នុងតំបន់នៃវិមានប្រធានាធិបតីរបស់របបស៊ីរី ក្នុងទីក្រុងដាម៉ាស់ ត្រូវបានវាយប្រហារ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top