កីឡា

លោក លោក បឹង គឹមតោ ជូនដំណើរអត្តពលិក អត្តពលកម្ម ទៅចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យរដូវក្តៅ ពិភពលោកនៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាលតំណាង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានជូនដំណើរគ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មនៅព្រលាន យន្តហោះភ្នំពេញអន្តរជាតិ ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅ ពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នាទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ រហូតដល់ថថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ ។

ប្រភេទកីឡាអត្តពលកម្ម ស្ថិតក្នុងប្រភេទទំាង៦ ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WTដែលកម្ពុជាបានបញ្ជូនការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ ខណៈការប្រកួតនេះមានកីឡាករ-កីឡាការិនីអន្តរជាតិ និងអន្តរជាតិជាង ១២០ ប្រទេសចូលរួម ព្រមទាំងប្រតិភូ កីឡាករ-កីឡាការិនីចំនួន ៨៥០០នាក់ លើ ១៨ ប្រភេទកីឡា ។

សម្រាប់កីឡាអត្តពលកម្មកម្ពុជាបានបញ្ជូនទៅ ៤ នាក់ ក្នុងនោះលោក ហ៊ុន បូរី គ្រូបង្វឹក កីឡាករ ណឹប ច័ន្ទយូរ៉ុង កីឡាការិនី កាន់ ស្រីរ័ត្ន និងកីឡាការិនី សាង លីដា ។ ចំណែកកីឡាការិនី កាន់ ស្រីរ័ត្ន ប្រកួតវិញ្ញាសាពាក់កណ្តាលម៉ារ៉ាងតុង ២១គីឡូម៉ែត្រ ។

លោក ហ៊ុន បូរី គ្រូបង្វឹក បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីនឹងធ្វើបានល្អ ជាពិសេសអាចបំបែកគុណផល បច្ចេកទេសរបស់ពួកគាត់ ដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាកំណត់ត្រាប្រកួតស៊ីហ្គេម និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត។ «យើងដឹងហើយថា នេះជាការប្រកួតដ៏ធំកម្រិតពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដូចការប្រកួតកីឡា អូឡាំពិកហ្គេម ដែលជាការប្រកួតបច្ចេកទេស ខ្ពស់បំផុត របស់ពិភពលោក ដោយមាន ការចូលរួមពីអត្តពលិក ខ្លាំងមកពីទ្វីបទាំងអស់ជុំវិញពិភពលោក ជាពិសេសគឺមាន ការចូលរួមពីអត្តពលិកមកពីទ្វីពអាមេរិក អាហ្វ្រិច អឺរ៉ុបជាដើម»។
ការប្រមូលផ្តុំហ្វឹកហាត់ របស់អត្តពលកម្មកម្ពុជាត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក នៅអាល្លឺម៉ងនេះ គឺជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេស បន្ថែមទៀត ហើយក៏នឹងធ្វើឱ្យកីឡាករ កីឡាការិនីអត្តពលកម្មកម្ពុជា កាន់តែមានបទពិសោធប្រកួត ជាមួយអត្តពលិកកម្រិតអន្តរជាតិ ឱ្យមានការខិតខំ ប្រឹងប្រែងកាន់តែខ្លាំង ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ក៏ដូជាការប្រកួតអត្តពលកម្មជើង ឯកអន្តរជាតិនានា នាខាងមុខផងដែរ។

ចំណែកកម្ពុជាបញ្ជូនប្រតិភូកីឡា ៣៥ រូបលើ ៦ ប្រភេទកីឡា ដូចជា គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី និងតេក្វាន់ដូ WT។ ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយកកីឡា អនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកនាយបេសកកម្ម អមដោយមន្ត្រីជំនាញជាច្រើនរូបទៀត៕

Most Popular

To Top