ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យលើវាលស្មៅខៀវខ្ចីនៃ ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ជើងខ្លាំងទាំង ១៦ក្រុម ជាក្រុមឈ្នះក្នុងការប្រកួតវិលជុំ ប្រចាំខេត្តទាំង៣ ខណៈ ប្រកួតបាល់ទាត់វិលជុំវគ្គផ្តាច់ព្រ័ត្រនេះទៀតសោតបានសង្កត់ធ្ងន់ ពីសារសំខាន់របស់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth Leagueជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំ និងមានសក្តានុពលបំផុតនៅកម្ពុជា ។

ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់ មូលដ្ឋានធំជាងគេបង្អស់មួយនៅកម្ពុជា បានផ្តល់ឱកាសលេងបាល់ទាត់ដល់កុមារ និងយុវជនកម្ពុជាក្រីក្រជាច្រើន ។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយដែលប្តេជ្ញាចិត្តជួយ កាត់បន្ថយភាពក្រីក្រ ដោយផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្របានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង សុខភាពឈានមុខគេមួយគឺ អេ អាយ អេ ខេមបូឌា ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយធ្វើការរួមគ្នាជួយឲ្យប្រជាជន កម្ពុជាមានជីវិតល្អប្រសើរប្រកបដោយសុខភាពល្អ និងយូរអង្វែង ។

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញជាង ២០ ប្រកួតក្នុងប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League រួមមានភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ដោយ មានវត្តមានកីឡាករកីឡាការនីសរុបជាង ១,៨០០នាក់ ប្រកួតប្រជែងគ្នាតំណែងម្ចាស់ជ័យលាភីប្រចាំ ខេត្តនីមួយៗបានទៅលើកីឡាករកីឡាការីចំនួន ១៩២នាក់ មកពី ១៦ក្រុមបានត្រៀមខ្លួនរួចជា ស្រេចក្នុងការប្រកួតវិលជុំវគ្គផ្តាច់ព្រ័ត្រទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ ឆ្នាំជាដើម ។ ក្នុងការប្រកួតនីមួយៗ កីឡាករកីឡការនីវ័យក្មេងទាំងនេះមិនត្រឹមតែបានបង្ហាញពីភាពប៉ិនប្រសប់ក្នុងការទាត់បាល់ប៉ុណ្ណោះទេ តែថែមទាំងផ្តោតសំខាន់លើការធ្វើការងារជាក្រុមការមានវិន័យ និងស្មារតីស្រឡាញ់កីឡា ជាតម្លៃដែលពួកគេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមដល់ចប់ នៃការប្រកួតវិលជុំនេះ ។

ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ (ISF) ក្រោមកិច្ចគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងមានសារសំខាន់លើសពីការប្រកួតបាល់ទាត់ ដោយវាបានជួយលើកកម្ពស់យ៉ាងពេញទំហឹងដល់ការចូលរួម ភាពធន់ទ្រាំ និងនាំយកឱកាសប្រកួតប្រជែងក្នុងវិស័យកីឡាទៅដល់កុមារ និងយុវជនមកពីសហគមន៍ ជួបប្រទះការលំបាក។
ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រនេះផងដែរបានទទួលស្វាគមន៍វត្តមានអ្នកស្រី ជួប វិច្ឆិកា នាយិកា ប្រតិបត្តិនៃអង្គការផ្កាយសមុទ្រ, អ្នកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា, លោក Adrian New នាយកផ្តួចផ្តើមកម្មវិធីបាល់ទាត់របស់ AIA Group, Shannon Moloney ប្រធានផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham ។ Hotspur Football Club និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន អេ អាយ អេ និង Tyler Blackwood គ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ។អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ
ខេមបូឌាបានផ្តល់កិច្ចគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំមួយនៅកម្ពុជា ។

អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពជាពន់ពេកចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ ក៏ដូចជា ការផ្លាស់ប្តូរជាវិជ្ជមានដែលកើតឡើងក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការិនីវ័យក្មេងចូលរួមប្រកួត ។ ព្រឹត្តិការណ៏នេះមិនត្រឹមតែបង្រៀនពួកគេពីការលេងបាល់ទាត់ប៉ុណ្ណោះទេ តែវាថែមទាំងជួយ ពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗដូចជា ភាពតស៊ូធន់ទ្រាំ ការធ្វើការងារជាក្រុម និងការតាំង ចិត្តជាដើម ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club សម្រាប់កិច្ចគាំទ្រដ៏អស្ចារ្យ តាមរយៈក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបានផ្តល់ឱកាសល្អៗជាច្រើនដល់កីឡាករកីឡាការនីជាកុមារកុមារី មកពីថ្នាល AIA – ISF Youth League ឲ្យបានចូលរួមកម្មវិធីបាល់ទាត់ AIA – Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ និងបទពិសោធន៍លើកដំបូងបំផុតក្នុងជីវិតមិនធ្លាប់មានគឺធ្វើជាកុមារដើរកាន់ដៃកីឡាករក្នុង ការប្រកួតរបស់ក្លឹបនេះនៅទីក្រុងឡុងដ៍ ។”

អ្នកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូ ឌាបានបន្ថែមថា “អេ អាយ អេ ខេមបូឌាប្តេជ្ញាចិត្តក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ តាមរយៈកិច្ចសហការរបស់យើងជាមួយនឹងអង្គការផ្កាយសមុទ្រ ពួកយើង បានរួមគ្នានាំយកផលវិជ្ជមានដល់ជីវិតកុមារ និងយុវជនជួបប្រទះការលំបាកជាង ១៦,៨៤៥ នាក់ចាប់ តាំងពីឆ្នាំ២០១៧មក ដោយលើកកម្ពស់ការអប់រំ និងកីឡា ។

ព្រឹត្តិការណ៍ប្រកួតថ្ងៃេនះគឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញារបស់យើងចំពោះសុខភាព សុខុមាលភាព និងការអភិវឌ្ឍយុវជន ។ ចំពោះប្អូនៗ កីឡាករកីឡាការនីឆ្នើមៗដែលឈរនៅទីនេះ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់យកឱកាសល្អៗ កើតចេញពីការប្រកួតវិលជុំនេះ ដើម្បីពង្រឹងសុខភាព រៀនសូត្រជំនាញបាល់ទាត់ កសាងភាពក្លាហាន និងទំនុកចិត្តផងដែរ ។” តាមរយៈកិច្ចសហការដ៏ធំមួយនេះ កីឡាករកីឡាការនីជាកុមារ និងយុវជនជាង ១៦,៨៤៥ នាក់ មកពី ៨៨៣ក្រុម ក្នុងបណ្តាខេត្តក្រុងចំនួន១០ ទទួលបានឱកាសលេងបាល់ទាត់ ទទួលបានការអប់រំ និងរៀនសូត្រជំនាញបំណិនជីវិតសំខាន់ៗ ក៏ដូចជាយល់ដឹងសារសំខាន់នៃសុខភាព និងសុខុមាលភាពទៀតផង ។ អ្វីដែលគួរឲ្យសម្គាល់នោះគឺ កីឡាករចំនួន ៩៧ភាគរយ បានបង្ហាញថាពួកគេមានសុខភាពល្អជាងមុន បន្ទាប់ពីបានចូលរួមលេង បាល់ទាត់ បង្ហាញពីផលវិជ្ជមានដ៏ធំកើតចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA–ISF Youth League ដែលជួយអភិវឌ្ឍយុវជនកម្ពុជា ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេ ក្នុងវិស័យកីឡា និងអ្នកគាំទ្រយ៉ាងសកម្មចំពោះសុខភាព និងសុខុមាលភាព កិច្ចគាំទ្ររយៈពេលវែង មួយនេះគឺស្របទៅតាមគោល បំណងរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយ ប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០៕

ដោយ៖ លី ភីលីព
