(ភ្នំពេញ)៖ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ដឹកចេញភ្លាមៗជូនទៅដល់ប្រជាជនខ្មែរដែលភៀសខ្លួនចេញពីតំបន់ក្តៅគគុក មកកាន់ទីទួលសុវត្ថិភាពនាខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
ក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងរៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ១៥០០ កេសផ្សេងទៀត ប្រគល់ជូនទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រចាំការនៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្រាប់កម្មវិធីបរិច្ចាកឈាម ដើម្បីបុព្វហេតុមនុស្សធម៌។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស និងពាណិជ្ជកម្មសុរបជាង ១៤ បានប្រកាសឧបត្ថម្ភថវិកាសរុប ២ លានដុល្លារបន្ថែមទៀត ទៅដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាសកម្មភាពជួយយកអាសារគ្នាយ៉ាងសកម្ម ជីប ម៉ុង ដែលមានសហគ្រិនជាខ្មែរ បានដុតដៃដុតជើងខ្នះខ្នែងបញ្ជូនជំនួយទៅដល់តំបន់ដែលត្រូវការការផ្គត់ផ្គង់បន្ថែមក្នុងស្ថានការណ៍នេះ ដែលបង្ហាញឱ្យឃើញច្បាស់ពីឆន្ទៈរបស់កូនខ្មែរ សុទ្ធសឹងតែមានតួនាទីដូចគ្នាក្នុងការចូលរួមដើម្បីជាតិ ដើម្បីមាតុភូមិយើង។
ខ្មែរ រួបរួមគ្នា! ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!
ស្មារតីរួបរួមគ្នា ខ្មែរ ស្រលាញ់ ខ្មែរ!






