រុស្ស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ការព្យួរអត្តពលិករបស់ប្រទេសរុស្ស៊ី ពីការប្រកួតលើពិភពលោក កំពុងធ្វើឲ្យរងផល ប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់សហភាពស្គីអន្តរជាតិ (ISU) ដែលជាស្ថាប័នគ្រប់គ្រងកីឡាស្គីពិភពលោក នេះបានបង្ហាញលើរបាយការណ៍ ហិរញ្ញវត្ថុឆ្នាំ ២០២៤ របស់ខ្លួន ។
នេះបើយោងតាមឯកសារ ដែលទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈថា ការខាតបង់ប្រតិបត្តិការបានឈានដល់សមមូលប្រហែល ១០.៧ លានដុល្លារ កើនឡើងជិត ៧.៤ លានដុល្លារធៀបនឹងឆ្នាំមុន ។ ជម្លោះដែលកំពុងបន្តក្នុង ប្រទេសអ៊ុយក្រែន នៅតែបន្តជះឥទ្ធិពលអវិជ្ជមានលើ ISU ជាមួយនឹងទីផ្សារសំខាន់មួយ ត្រូវបានបិទ និងកាត់បន្ថយការប្រកួតប្រជែង ដោយសារតែអវត្តមាន នៃអត្តពលិកឥស្សរជនមួយចំនួន ដោយបន្ថែមថា ប្រាក់ចំណូលពាណិជ្ជកម្មនៅតែស្ថិតក្រោមសម្ពាធ ដោយសារការបន្តអវត្តមានរបស់អ្នកជិះស្គីរុស្ស៊ី ។
ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែន នៅដើមឆ្នាំ ២០២២ សហភាពស្គីអន្តរជាតិ (ISU) បានហាមប្រាមអត្តពលិករុស្ស៊ី ពីព្រឹត្តិការណ៍កីឡា ស្គីអន្តរជាតិទាំងអស់ បន្ទាប់ពីអនុសាសន៍ ដែលចេញដោយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC)។
មុនពេលផ្អាក ក្រុមអត្តលិកជិះស្គីរុស្ស៊ី បានគ្រប់គ្រងការប្រកួតជើងឯក ពិភពលោកដោយឈ្នះមេដាយច្រើនជាងប្រទេសដទៃទៀត ។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៤ នៅទីក្រុង Sochi ប្រទេសរុស្សី បានក្លាយជាប្រទេសដំបូងគេ ដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ ជិះស្គីលើទឹកកកទាំង៥ ។
ទីក្រុងមូស្គូបានថ្កោលទោស គោលនយោបាយដកខ្លួនរបស់ IOC ដោយហៅវាថាជាការរំលោភលើគោលការណ៍អូឡាំពិក និងជាសកម្មភាព នយោបាយ ដើម្បីធ្វើឱ្យការប្រកួតប្រជែងចុះខ្សោយ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា កីឡាគួរតែនៅដាច់ ដោយឡែកពីនយោបាយ ៕
