កីឡា

ប្រធានសមាគម កីឡាបាល់ទាត់ថៃ (FAT) Madam Pang ថ្កោលទោសកីឡាករថៃ ដែលវាយអាជ្ញាកណ្តាល

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) បានចេញបញ្ជាឲ្យដាក់វិន័យ យ៉ាងតឹងរ៉ឹង ចំពោះកីឡាករក្នុងស្រុកម្នាក់ ចំពោះការវាយប្រហារ របស់លោកទៅលើអាជ្ញាកណ្តាល អំឡុងពេលប្រកួតក្នុងក្លឹប។

ការប្រកួត Pang Aai Open Cup កាលពីថ្ងៃទី ៣ ខែសីហា កីឡាករ Paramachot Duangmit របស់ Ueang Fah A បានលើកជើងខ្ពស់ ដ៏គ្រោះថ្នាក់ជាមួយកីឡាករ Creative FC ហើយត្រូវបានអាជ្ញាកណ្តាល Siwakorn Singthana ពិន័យកាតក្រហមភ្លាមៗ ។

នេះបើយោងតាមរូបភាពដែលបានចែករម្លែកដោយ Thairath ថា កីឡាករ Ueang Fah A ខឹងសម្បារបានតបវិញ ដោយដាល់អាជ្ញាកណ្តាល ២ ដងចំមុខ មុននឹងដេញវាយអាជ្ញាកណ្តាល ចាប់ក្បាលអាជ្ញាកណ្តាល ហើយបន្តវាយអាជ្ញាកណ្តាលទៀត ។

អាជ្ញាកណ្តាល លោក Siwakorn ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានស្នាមជាំលើមុខ ហើយក្រោយមកបានដាក់របាយការណ៍ប៉ូលិស។ ចំណែកកីឡាករ Paramachot បានបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់ចាប់តាំងពីពេលនោះមក។

លោកSiwakorn ជាសមាជិក នៃគណៈកម្មាធិការអាជ្ញាកណ្តាល FAT ហើយបច្ចុប្បន្នជាមន្ត្រីក្នុង Thai League 3 ជាផ្នែកមួយ នៃប្រព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសថៃ ។ លោកស្រី Madam Pang បានដឹកនាំ FAT សួរសុខទុក្ខ និងធានធារ៉ាប់រងថ្លៃព្យាបាលទាំងអស់ សម្រាប់លោក Siwakorn ។

ប្រធាន FAT បានប្រាប់ Siamsport ថា គ្រប់ទម្រង់នៃអំពើហឹង្សា មិនថានៅលើ ឬក្រៅទីលាន ត្រូវតែត្រូវបានថ្កោលទោស។ កីឡាករដែលបំពានគោលការណ៍ទាំងនេះ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំមិនចង់ឃើញឧប្បត្តិហេតុហិង្សា បែបនេះម្ដងទៀត ក្នុងវិស័យបាល់ទាត់ថៃទេ។

អំពើហឹង្សាដែលធ្វើឲ្យខូចមុខមាត់កីឡាបាល់ទាត់ថៃ តែងតែត្រូវពិន័យជាទម្ងន់ រួមទាំងការព្យួរការប្រកួតពី ២ ទៅ ៤ ប្រកួត និងពិន័យជាប្រាក់ពី ៤ ទៅ ៦ ម៉ឺនបាត ៕

Most Popular

To Top