U.N.៖ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា អំពើហិង្សាផ្លូវភេទ ក្នុងជម្លោះនៅទូទាំងពិភពលោកបានកើនឡើង ២៥ ភាគរយកាលពីឆ្នាំមុន ជាមួយនឹងចំនួនករណីខ្ពស់បំផុតនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល កុងហ្គោ ហៃទី សូម៉ាលី និងស៊ូដង់ខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ Antonio Guterres បាននិយាយថា មនុស្សជាង ៤,៦០០ នាក់បានរួចរស់ជីវិតពីអំពើហឹង្សាផ្លូវភេទនៅឆ្នាំ ២០២៤ ដោយក្រុមប្រដាប់អាវុធបានអនុវត្តភាគច្រើននៃការរំលោភបំពាន ប៉ុន្តែខ្លះដោយកងកម្លាំងរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់ថា តួលេខដែលត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិ មិនឆ្លុះបញ្ចាំងពីទំហំសកល និងអត្រាប្រេវ៉ាឡង់នៃឧក្រិដ្ឋកម្មទាំងនេះ។
បញ្ជីខ្មៅនៃរបាយការណ៍នេះដាក់ឈ្មោះរដ្ឋាភិបាល និងភាគីមិនមែនរដ្ឋាភិបាលចំនួន ៦៣ នៅប្រទេសជាច្រើន ត្រូវបានសង្ស័យថា បានប្រព្រឹត្ត ឬទទួលខុសត្រូវចំពោះការរំលោភ និងទម្រង់នៃអំពើហិង្សាផ្លូវភេទផ្សេងទៀតក្នុងជម្លោះ រួមទាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលការវាយប្រហារក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បានបង្កឲ្យមានសង្រ្គាមនៅហ្គាហ្សា។
ប្រធានអង្គការសហប្រជាជាតិបាននិយាយថា ជាង ៧០ ភាគរយនៃអ្នកដែលបានចុះបញ្ជីបានបង្ហាញខ្លួនក្នុងឧបសម្ព័ន្ធបញ្ជីខ្មៅរបស់របាយការណ៍សម្រាប់រយៈពេល ៥ ឆ្នាំឬច្រើនជាងនេះ ដោយមិនបានបង្កើតជំហានដើម្បីការពារអំពើហិង្សានោះទេ។
ជាលើកដំបូង របាយការណ៍នេះរួមមានភាគី ២ ត្រូវបានជូនដំណឹងដល់អង្គការសហប្រជាជាតិមានព័ត៌មានគួរឲ្យទុកចិត្ត អាចដាក់ពួកគេក្នុងបញ្ជីខ្មៅនៅឆ្នាំក្រោយ ប្រសិនបើពួកគេមិនចាត់វិធានការការពាររួមមាន យោធា និងកងកម្លាំងសន្តិសុខរបស់អ៊ីស្រាអែល ជុំវិញការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើជនជាតិប៉ាឡេស្ទីនជាចម្បងក្នុងពន្ធនាគារ និងការឃុំឃាំង និងកងកម្លាំងរុស្ស៊ី និងក្រុមប្រដាប់អាវុធដែលពាក់ព័ន្ធប្រឆាំងនឹងអ្នកទោសសង្គ្រាមអ៊ុយក្រែន។
លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលរបស់អង្គការសហប្រជាជាតិ បានផ្សព្វផ្សាយលិខិតមួយកាលពីថ្ងៃអង្គារពីលោក Guterres អំពីកងកម្លាំងរបស់ប្រទេសដែលកំពុងត្រូវបានជូនដំណឹងនោះ បាននិយាយថា ការចោទប្រកាន់នេះមានច្រើននៅក្នុងការបោះពុម្ពផ្សាយលម្អៀង។ លោកបានបន្ថែមថា អង្គការសហប្រជាជាតិត្រូវតែផ្តោតលើឧក្រិដ្ឋកម្មសង្រ្គាមដ៏រន្ធត់ និងអំពើហិង្សាផ្លូវភេទរបស់ពួកហាម៉ាស និងការដោះលែងចំណាប់ខ្មាំងទាំងអស់។
បេសកកម្ម UN របស់រុស្ស៊ីបាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយលើការព្រមានរបស់អគ្គលេខាធិការនោះទេ។
របាយការណ៍ ៣៤ ទំព័របាននិយាយថា អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ សំដៅលើការរំលោភ ទាសករផ្លូវភេទ ពេស្យាកម្មដោយបង្ខំ ការមានផ្ទៃពោះដោយបង្ខំ ការរំលូតកូនដោយបង្ខំ ការធ្វើក្រៀវដោយបង្ខំ ការរៀបការដោយបង្ខំ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ ហើយជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារី៕
