តូក្យូ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Genshitsu Sen អតីតសិក្ខាកាមអ្នកបើកយន្តហោះ Kamikaze ដែលក្រោយមកបានលើក កម្ពស់សន្តិភាពក្នុងនាមជាម្ចាស់ នៃពិធីតែរបស់ប្រទេសជប៉ុន បានទទួលមរណភាពនៅអាយុ ១០២ ឆ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។
មន្ត្រី Urasenke បាននិយាយថា លោក Sen ត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យចាប់តាំងពីដួល ហើយជួបប្រទះនឹងការលំបាកក្នុងការដើរកាលពីខែឧសភា។ លោកបានស្លាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានបញ្ហាផ្លូវដង្ហើម។
ក្នុងនាមជាអ្នកនៅរស់រានមានជីវិត ពីកម្មវិធីធ្វើអត្តឃាត Kamikaze ក្នុងសម័យសង្រ្គាមរបស់ប្រទេសជប៉ុន ដែលបានឃើញអ្នកបើកយន្តហោះរួម របស់លោកជាច្រើននាក់ឡើងយន្តហោះ សម្រាប់ជើងហោះហើរមួយជើង លោក Sen គឺជាអ្នកតស៊ូមតិប្រឆាំងសង្រ្គាមដ៏រឹងមាំ និងបានលើកកម្ពស់ “សន្តិភាពតាមរយៈចានតែ” ។
លោកបាននិយាយថា ការបម្រើតែនាំមកនូវសន្តិភាព ដល់អ្នករាល់គ្នា ហើយប្រសិនបើអ្នករាល់គ្នាមានសន្តិភាព នោះនឹងមិនមានសង្គ្រាមទេ។
លោក Sen បានក្លាយជាមហាអនុបណ្ឌិតទី ១៥ នៃសាលា Urasenke ក្នុងពិធីតែជប៉ុននៅឆ្នាំ ១៩៦៤ ។ Urasenke គឺជាសាលាមួយក្នុងចំណោមសាលាកំពូលទាំង ៣ បានបង្កើតឡើងនៅដើមសតវត្សទី ១៧ ដោយផ្អែកលើការបង្រៀនរបស់លោក Sen no Rikyu ។
ក្នុងនាមជាប្រធាម លោក Sen បានធ្វើពិធីតែជាង ៣០០ ដងក្នុង ៧០ ប្រទេស ដើម្បីលើកស្ទួយសិល្បៈចាដូ ឬវិធីតែ និងសន្តិភាពពិភពលោក ដោយធ្វើឱ្យគាត់ទទួលបានរហស្សនាមថា “ក្រុមហោះ” ។ លោកបានរៀបចំពិធីតែ ដើម្បីបួងសួងសុំសន្តិភាពក្នុងឆ្នាំដ៏សំខាន់ដែលបង្ហាញពីការបញ្ចប់នៃសង្រ្គាម ហើយនៅឆ្នាំ ២០១១ លោកបានបម្រើតែនៅវិមានអនុស្សាវរីយ៍ USS Arizona ក្នុងទីក្រុង Honolulu រដ្ឋ Hawaii ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៤១។
លោក Sen កើតនៅឆ្នាំ ១៩២៣ នៅទីក្រុងបុរាណ Kyoto របស់ប្រទេសជប៉ុន។ លោកមានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ពេលលោកចូលរៀនដំបូងដើម្បីក្លាយជាគ្រូធំ ។ អនាគតរបស់លោកត្រូវបានជាប់គាំងក្នុងភាពមិនច្បាស់លាស់ក្នុងអំឡុងពេលសង្រ្គាម។ នៅឆ្នាំ ១៩៤១ ជាឆ្នាំដែលលោកបានចូលសាកលវិទ្យាល័យ Doshisha ទីក្រុង Kyoto ប្រទេសជប៉ុនបានចាប់ផ្តើមសង្រ្គាមលើអាមេរិក ហើយ២ឆ្នាំក្រោយមកគាត់ស្ថិតក្នុងចំណោមសិស្ស ១០០,០០០ នាក់ត្រូវបានប្រមូលផ្តុំដើម្បីប្រយុទ្ធ។
នៅឆ្នាំ ១៩៤៣ លោក Sen ត្រូវបានទាហានជើងទឹកអធិរាជ ហើយចាប់ផ្តើមហ្វឹកហាត់ឲ្យក្លាយជាអ្នកបើកយន្តហោះ Kamikaze ប៉ុន្តែសង្រ្គាមបានបញ្ចប់ មុនពេលលោកត្រូវបានគេដាក់ពង្រាយ។លោក Sen បាននាំយកគ្រឿងបរិក្ខា សម្រាប់ពិធីតែជាមួយលោក ពេលលោកចូលបម្រើកងទ័ពជើងទឹក ហើយបានបម្រើសិក្ខាកាមជាក្រុមជាច្រើននាក់ ផឹកតែលាមុនបេសកកម្មរបស់ពួកគេ៕
