ភ្នំពេញ៖ ក្រុមអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីរបស់ខេមរសហព័ន្ធតេក្វាន់ដូចំនួន ១៩ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ATF លើទី១៧ ឆ្នាំ២០២៥ “17th ATF Taekwondo Championships” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។

ការប្រកួតកីឡាតេក្វាន់ដូ WT 17th ATF Taekwondo Championships ដែលជាការប្រកួតមួយមានសារសំខាន់ណាស់ចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីពង្រឹងសមត្ថភាព ទំាងបច្ចេកទេស និងទិចនិចប្រកួត ក៏ជាផ្នែកមួយនៃការប្រកួត Pre-SEA Games 33 ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុង Khanh Hoa ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា។

ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមជាង ២៥០ នាក់ត្រូវបានរំពឹងទុក។ ការប្រកួតនេះនឹងបន្តដោយការប្រកួតជើងឯកកីឡាតេក្វាន់ដូអន្តរជាតិលើកទី២១ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែសីហា ដោយមានអត្តពលិកជាង៣៥០នាក់មកពីក្លឹបអន្តរជាតិ និងវៀតណាមចូលរួមប្រកួតប្រជែង។

ចំណែកខេមរសហព័ន្ធតេក្វាន់ដូរបស់ប្រទេសកម្ពុជាវិញបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ១៩ នាក់រួមមាន លោក ហែម សំណាង អាជ្ញាកណ្តាលអន្តរជាតិ លោក យីវ វណ្ណឌី អាជ្ញាកណ្តាលអន្តរជាតិ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ លោក ឈុន សុខឡុង គ្រូជំនួយជម្រើសជាតិ និងលោក រិន ប៊ុនហួត គ្រូបង្វឹកក្រុមថ្នាលជាគ្រូជំនួយ។

កីឡាករ កាំង លាំងឈុន កីឡាករជម្រើសជាតិ កីឡាករ រ៉ង់ លីគួង កីឡាករជម្រើសជាតិ កីឡាករ រិន សុផានិត កីឡាករជម្រើសជាតិ កីឡាករ មៀន សួរស័យយិ កីឡាករជម្រើសជាតិ កីឡាករ សេង ម៉េងឈុន កីឡាករថ្នាល កីឡាករ សម្បត្តិ ឧត្តម កីឡាករថ្នាល កីឡាករ គោ សុខធា កីឡាករថ្នាល កីឡាការិនី ហេង ម៉ាលីស កីឡាការិនីថ្នាល កីឡាការិនី រ៉េត ផាន់ម៉ូនីកា កីឡាការិនីជម្រើសជាតិ កីឡាការិនី គ្រី លីដែន កីឡាការិនីជម្រើសជាតិ កីឡាការិនី ថាច់ ធីឌឹក កីឡាការិនីជម្រើសជាតិ កីឡាការិនី ម៉ម ជូលី កីឡាការិនី និងកីឡាការិនី វ៉ាន់ បូរី កីឡាការិនីជម្រើសជាតិ ៕

ដោយ៖លី ភីលីព


