ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ បានមានប្រសាសន៍ថា ការប្រកួតកីឡាបោះ ៣ទល់ ៣ ពានរង្វាន់ CamEd Men’s & Women’s Basketball Tournament ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍មួយដែលអាចផលិតធនធានកីឡាករ-កីឡាការិនីកីឡាបាល់បោះដ៏សំខាន់ ហើយតាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយសហព័ន្ធកីឡាជាតិនានា។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ បានលើកឡើងក្នុងឱកាសពិពីបើកការប្រកួតកីឡាបោះ ៣ទល់ ៣ ពានរង្វាន់ CamEd Men’s & Women’s Basketball Tournament ជាផ្លូវការនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលកីឡាបាល់បោះក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា ដែលរៀបចំដោយនាយកវិទ្យាស្ថាន ខេមអេដ។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡាឲ្យកាន់តែច្រើនក្នុងការប្រកួតប្រជែងនៃកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ-កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ។

លោកបន្ថែមថា តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឲ្យក្រុមកីឡាករ-កីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ៕




ដោយ៖ លី ភីលីព
