កីឡា

លោក បេងហុង សុជាតិសិលា ៖ វគ្គនេះធ្វើឡើងក្នុងគោលបំណងបំផុសដល់ស្រទាប់មហាជន គ្រូ អត្តពលិករាជធានី-ខេត្តលើកកម្ពស់លើវិស័យកីឡាវាយកូនឃ្លីលើតុ

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សាលដំបូលទូកកណ្តាល វគ្គនេះរៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រើប្រាស់ថវិកាគាំទ្រប្រចាឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចប់ជាផ្លូវការ។

ក្នុងឱកាសពិធីបិទជាផ្លូវការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យលោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក ស៊ុន សុទ្ធារិទ្ធ ប្រធានគណៈគ្រប់គ្រងវគ្គ និងជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបច្ចេកទេសរបស់សហព័ន្ធ។

លោក ហេង សុខជាតិ អគ្គលេខធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ដោយបានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡាដែលមានរយៈពេល ៥ថ្ងៃកន្លងមកមានគ្រូឧទ្ទេស ចំនួន ៥នាក់ (ប្រុស) អ្នកសម្របសម្រួល ១នាក់(ស្រី) មកពីសហព័ន្ធកីឡាវាកូនឃ្លីលើតុកម្ពុជា។ សិក្ខាកាម ចូលរួមសរុប ចំនួន ២២ នាក់(ស្រី ៤នាក់) មកពីសមាគមបណ្ដុះកុមារ ខេត្តរតនគិរី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសា លា ចំណេះទូទៅឯកជនបុរីវិជ្ជា ខេត្តកំពង់ឆ្នាំង ការិយាល័យកីឡា នៃនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា (កីឡាករ កីឡាការិនីជម្រើសជាតិ) សាលាដុនបូស្កូទឹកថ្លា អកថូភឹស (Octopus) និងហាវ៉ៃប៉េងប៉ុងក្លិប។

លោក អគ្គលេខធិការបានបន្តថា ចំពោះវគ្គបណ្ដុះបណ្ដាលនេះដែរ ខ្ញុំបាទសូមសម្ដែងនូវការកាតសរសើរដល់សិក្ខាកាមគ្រប់រូប ដោយស្មោះអស់ពីដួងចិត្តដែលបានខិតខំរៀនសូត្រទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលានដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាលហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមន៍របស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក បេងហុង សុជាតិសិលា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជន គ្រូបង្វឹក កីឡាករ-កីឡាការិនី រាជធានី-ខេត្ត និងដើម្បីឲ្យមានគ្រូជំនាញលើកកម្ពស់លើវិស័យកីឡាវាយកូនឃ្លីលើតុ។តាមរបាយការណ៍របស់អនុប្រធានអចិន្រ្តៃយ៍វគ្គ ឃើញថាការវាយតម្លៃគឺទទួលបានលទ្ធផលល្អច្រើន។

ហើយខ្ញុំជឿជាក់ថាគ្រូដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ និងមានលទ្ធភាពដើម្បីបង្វឹកដល់កុមារ៉ាកុមារី សិស្សនិស្សិតនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន ឲ្យមានការរីកចម្រើនក្នុងវិស័យកីឡានេះ។ សហព័ន្ធបានធ្វើផែនការយុទ្ធសាស្រ្ដរួមមានបំផុសស្មារតី និងបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា និងត្រៀមបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល និងមន្រ្ដីបច្ចេកទេសរៀបចំការប្រកួត ៕

ដោយ៖ លី ភីលីត

Most Popular

To Top