ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសថៃ (CAAT) បានបញ្ជាឲ្យក្រុមហ៊ុន អាកាសចរណ៍របស់ថៃ Nok Air ធ្វើការផ្អាកជើងហោះហើរ អន្តរជាតិ និងបដិសេធការពង្រីកបណ្តាញជាច្រើន ដោយសារតែការព្រួយបារម្ភ អំពីការសុវត្ថិភាពអ្នកដំណើរអន្តរជាតិ និងជាតិទំាងអស់ ។
កាសែត Bangkok Post បានចេញផ្សាយថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសថៃ បានរៀបរាប់ការលម្អិតនៅលើលិខិតមួយ ផ្ញើទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nok Air កាលពីថ្ងៃទី ២៥ ខែសីហា ដោយលើកឡើងពីកង្វះប្រតិបត្តិការ រួមទាំងឧប្បត្តិហេតុទាក់ទងនឹងបុគ្គលិក និងបញ្ហាជើងហោះហើរទៀតផង ។
យោងតាមលិខិតនោះបានឲ្យដឹងថា ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍បានជួបប្រទះនឹងការបិទម៉ាស៊ីននៃជើងហោះហើរ ការធ្វើដំណើរលើផ្លូវរត់ មិនសូវប្រយ័ត្នប្រហែង ការចុះចតយ៉ាងលំបាក និងការប៉ះទង្គិចផ្នែកកន្ទុយ។ វាបានបន្ថែមថា មូលហេតុនៃការបិទម៉ាស៊ីន នៅតែមិនច្បាស់លាស់ អាចបង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។
នាយកប្រតិបត្តិ Wutthiphum Jurangkool បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ កំពុងរៀបចំការឆ្លើយតបចំពោះការចោទប្រកាន់នេះ ហើយមានទំនុកចិត្តថា ការរឹតបន្តឹងអាចត្រូវបានលុបចោលក្នុងរយៈពេលមួយខែ។ លោកបានបញ្ជាក់ថា ការបិទម៉ាស៊ីនបានកើតឡើងនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នៅលើជើងហោះហើរមួយដែលមានជើងហោះហើរទៅក្រុង Nanning ប្រទេសចិន។
លោកបានបន្ថែមថា ការហោះហើរបានចុះចតដោយសុវត្ថិភាពដោយប្រើម៉ាស៊ីនដែលនៅសល់ បន្ទាប់មកម៉ាស៊ីនមានកំហុសត្រូវបានដូរចេញ និងជំនួសមកវិញរួចរាល់ហើយ។ ទោះយ៉ាងណាក៏ដោយ នៅពេល CAAT ស្នើសុំការវិភាគពីមូលហេតុ នោះក្រុមហ៊ុន Nok Air មិនអាចផ្តល់ឲ្យបានឡើយ ៕
