អាមេរិក ៖ យោងតាមរបាយការណ៍របស់ Bloomberg បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនការចេញលក់ជាសាកលមាន ការរំពឹងទុកយ៉ាងខ្ពស់ចំពោះ iPhone 17 របស់ក្រុមហ៊ុន Apple បានឈានដល់ចំណុច សំខាន់មួយទៀត ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានកត់ត្រាការ លក់ប្រចាំឆ្នាំជាង ៩ ពាន់លានដុល្លារ នៅប្រទេសឥណ្ឌាតែម្នាក់ឯងក្នុងអំឡុងឆ្នាំសារ ពើពន្ធចុងក្រោយនេះ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily។
យោងតាមទិន្នន័យពី Counterpoint Research បានឲ្យដឹងថា ភាគច្រើននៃការលក់ទាំងនោះបានមកពីទូរស័ព្ទ iPhone របស់ក្រុមហ៊ុនដែលមានចំនួន ៧ ភាគរយនៃទីផ្សារ ស្មាតហ្វូនរបស់ប្រទេសឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ Macbooks នៅប្រទេសឥណ្ឌា ក៏បានកើនឡើងយ៉ាងខ្លាំងក៏ដោយ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានកើនឡើង ១៣ ភាគរយក្នុងរយៈពេល ១២ ខែចាប់ពីខែមីនា ឆ្នាំ ២០២៤ ធៀបនឹងការលក់ចំនួន ៨ ពាន់លានដុល្លារ នៅប្រទេសឥណ្ឌាធៀបនឹងរយៈពេលឆ្នាំមុន។ ការកើនឡើងនៃប្រាក់ចំណូលបង្ហាញថា តម្រូវការអ្នកប្រើប្រាស់ សម្រាប់ឧបករណ៍ស្មាតហ្វូនរបស់ Apple កំពុងតែកើនឡើង បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino សម្លឹងមើលការបង្កើនការលក់រាយរបស់ខ្លួននៅប្រទេសឥណ្ឌា អាចបង្កើតជាទីផ្សារដ៏សំខាន់សម្រាប់ Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រាក់ចំណូលកើតឡើង នៅពេលក្រុមហ៊ុន Apple កំពុងតែប្រជែងជាមួយនឹងការលក់ឧបករណ៍ចល័តខ្លាំងបំផុតនៅ តំបន់ផ្សេងទៀតនៃពិភពលោក ជាពិសេសនៅប្រទេសចិន ដែលក្រុមហ៊ុន បានបាត់បង់ចំណែកទីផ្សារទៅឲ្យគូប្រជែងក្នុងស្រុកដូចជា Xiaomi ចំពេលមានភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ពីប្រទេសចិនបានកើនឡើង ៤.៤ ភាគរយនៅត្រីមាសដែលបញ្ចប់ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីការធ្លាក់ចុះរយៈពេល២ឆ្នាំ ។
ទន្ទឹមនឹងនេះ ប្រាក់ចំណូល របស់ខ្លួននៅប្រទេសឥណ្ឌាបានកើនឡើង ១.៥ដងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។ ប្រទេសឥណ្ឌាក៏បានក្លាយ ជាចំណុចកណ្តាលនៃការផលិត របស់ Apple ផងដែរ ដោយ iPhone មួយក្នុងចំណោម ៥ គ្រឿងត្រូវផលិតក្នុងប្រទេស។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពុងពង្រីកការផលិតទូរស័ព្ទ iPhone នៅទូទាំងរោងចក្រចំនួន ៥ ដែលរោងចក្រមួយចំនួន ត្រូវបានបើកនាពេលថ្មីៗនេះនៅរដ្ឋ Tamil Nadu និង Karnataka ៕
