កីឡា

លោក សរ សិទ្ធិ ៖ វគ្គបណ្តុះបណ្តាលនេះ ជាឱកាសដ៏មានតម្លៃ សម្រាប់ការកែលម្អចំណេះដឹង បច្ចេកទេស និងវិន័យក្នុងការហ្វឹកហាត់

ស្វាយរៀង ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា ការចូលរួមរៀនវគ្គបណ្តុះបណ្តាលគ្រូបង្វឹក “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ ជាឱកាសដ៏មានតម្លៃ សម្រាប់ការកែលម្អចំណេះដឹង បច្ចេកទេស និងវិន័យក្នុងការហ្វឹកហាត់ ដើម្បីជួយអភិវឌ្ឍកីឡាទូកនាគឲ្យកាន់តែរឹងមាំ និងឈានទៅរកជោគជ័យ ។

លោកបានលើកឡើង ក្នុងឱកាសបិទបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀងក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាប្រពៃណី។

លោកអនុប្រធានបានបន្តថា ខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវប្រើប្រាស់ឱកាសនេះឲ្យមានប្រសិទ្ធភាព ដើម្បីបន្តអភិវឌ្ឍខ្លួនឯង ទទួលយកចំណេះដឹងថ្មីៗ ហើយនាំទៅអនុវត្តជាក់ស្តែងក្នុងការបង្វឹក និងប្រកួត។ ការបណ្តុះបណ្តាលមិនត្រឹមតែបង្កើនសមត្ថភាពផ្ទាល់ខ្លួនទេ ប៉ុន្តែវាជាការបង្កើតកម្លាំងសំខាន់ក្នុងការលើកកីឡាជាតិឲ្យរីកចម្រើន និងបង្កើតកិត្តិយសដល់ប្រទេសជាតិផងដែរ។ កីឡាករទូកនាគ គឺជាតំណាងនៃភាពរួមគ្នា និងឯកភាពជាតិ ដូច្នេះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីគ្រប់រូប ត្រូវប្រកាន់ខ្ចាប់គោលការណ៍គោរពវិន័យ ស្មោះត្រង់ សាមគ្គីភាព ដើម្បីទទួលបានជោគជ័យនាថ្ងៃអនាគត់។

ក្នុងឱកាសនោះសហព័ន្ធក៏បានប្រគល់សម្ភារៈសម្រាប់ហ្វឹកហាត់ និងប្រកួត រួមទាំងសម្លៀកបំពាក់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្រុមជម្រើសជាតិ ក្រុមបម្រុងជម្រើសជាតិ និងថ្នាលកីឡាទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង។ វាជាអំណោយដ៏មានតម្លៃពីលោក អភិសន្តិបណ្ឌិត ស សុខា ដែលមានបំណងគាំទ្រការអភិវឌ្ឍកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឱ្យមានកម្រិតខ្ពស់ជាងមុន។

លោក ស្រ៊ុន លាង គ្រូឧទ្ទេសប្រចាំវគ្គបានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមចំនួន ២៥ រូប តំណាងឱ្យមន្ទីរអប់រំ យុវជន និងកីឡា និងក្រសួង-ស្ថាប័ន ចំនួន៨ រាជធានីខេត្ត និងឯកភាព រួមមាន៖ ខេត្តពោធិ៍សាត់ ស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ មជ្ឈមណ្ឌលកីឡាកងយោធពលខេរ ភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។

ខ្លឹមសារបណ្តុះបណ្តាលសរុប១៣ប្រធានបទ ដូចជា៖ ប្រវត្តិទូកប្រពៃណីខ្មែរ បុរាណ, ប្រវត្តិទូកងរវែងជាងគេបំផុត, ខ្នាតទូកងរ, គោលបំណងនៃការបណ្តុះបណ្តាលគ្រូកម្រិតអន្តរជាតិ, ចំណុះទូក និងចំនួនកីឡាករ, ប្រពៃណីទូកនាគ, កិច្ចតែងការរបស់គ្រូបង្វឹក, ទម្រង់អ៊ុទូកប្រពៃណីខ្នាតអន្តរជាតិ, តួនាទីជាគ្រូបង្វឹក, បច្ចេកទេសហាត់ទូកនាគ, កម្មវិធីហ្វឹកហាត់, ការអនុវត្តជាគ្រូជាមួយទូក និងការអនុវត្តជាមួយសម្ភារផ្នែកកម្លាំងកាយ (GYM)៕

Most Popular

To Top