កីឡា

លោក ណយ ផាណា ៖វ គ្គនេះធ្វើឡើងក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែមានភាពច្បាស់លាស់ លើការងារជំនាញរបស់ខ្លួន ទាំងគុណភាព និងបរិមាណ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតំណាងឲ្យបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ស៊ឹម ប្រិម ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ឆ្នាំង និងលោក ម៉ូវ តឿ អនុប្រធានមន្ទីរ ខេត្តកំពង់ឆ្នាំងបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញកឡាកាយសម្ព័ន្ធអាអរូបិកកម្រិត១ នៅខេត្តកំពង់ឆ្នាំង។

លោក ណយ ផាណា បានប្រសាសន៍ថា ផ្អែកតាមផែនការសកម្មភាពឆ្នាំ២០២៥ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១(Ac adéerry Level 1 In Aerctic Gyrnractics, National Development Youth MAG, Training Camp and Talent Identification) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយសម្ព័ន្ធឲ្យទទួលបានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចំណេះជំនាញមួយនេះ ក្នុងការជ្រើសរើសបាននូវកីឡាករ-កីឡាការិនីវ័យក្មេងត្រឹមត្រូវតាមគោលការណ៍នៃការ កំណត់អត្តសញ្ញាណកីឡាទេព្យកោលស្ស និងឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិនាពេល ខាងមុខ ជាពិសេសគឺពង្រឹងសមត្ថភាពបច្ចេកទេសគ្រូជំនាញប្រភេទកីឡាកាយសម្ព័ន្ធ ឲ្យកាន់តែមានភាពច្បាស់លាស់ លើការងារជំនាញរបស់ខ្លួន ទាំងគុណភាព និងបរិមាណ។

លោកអគ្គលេខាធិការ បានបន្តថា វគ្គនេះគាំទ្រដោយកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ជូនសហព័ន្ធក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព បច្ចេកទេស ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ត កំពង់ឆ្នាំង ។ វគ្គបច្ចេកទេសគ្រូជំនាញកម្រិត១ នេះ ត្រូវបានអញ្ជើញមកបង្រៀន ដោយគ្រូឧទ្ទេសលោក ណយ ផាណា និងអ្នកគ្រូជំនួយ កញ្ញា សោ សុគីម ជាគ្រូជំនាញរបស់សហព័ន្ធដែលមានកម្រិត បច្ចេកទេស និងមានបទពិសោធផ្នែករដ្ឋបាលកីឡា FIG Academy Level I and Level II in Artistic and Aercbic Gymnastics and sports Administration។

លទ្ធផលសិក្សាឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងសិក្ខាកាមទាំង២២នាក់មាននារី៨នាក់បានទទួលនិទ្ទេសល្អ ចំនួន ១៤ នាក់ និទ្ទេសល្អបង្គួរ ចំនួន ៤នាក់ និទ្ទេសមធ្យម ចំនួន ៤នាក់។ ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែងរបស់សិក្ខាកាមចាប់ពីថ្ងៃ១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបង្ហាញឲ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្ដី ជាមួយការអនុវត្តជាក់ស្តែងផ្ទាល់លើប្រភេទកីឡាកាយសម្ព័ន្ធ វគ្គគ្រូបង្វឹកជំនាញកម្រិត១ ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវ បទពិសោធន៍ល្អៗ ថ្មីៗថែមទៀតរវាងគ្រូ និងកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបផ្សេងគ្នា និងបង្កើនសមត្ថភាព កម្រិត គុណផលបច្ចេកទេសជូនដល់កីឡាករ កីឡាការិនី និងជាពិសេសវគ្គនេះទទួលបានការយល់ដឹងដល់លោកគ្រូ អ្នកគ្រូអំពី ការផ្លាស់ប្តូរច្បាប់ថ្មីមួយចំនួនក្នុងអាណត្តិ ២០២៥-២០២៨ ផងដែរ។

លោក ណយ ផាណា បានបញ្ជាក់ថា បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈសិក្ខាសាលា ការបើកវគ្គបច្ចេកទេសគ្រូជំនាញ ឬធ្វើការបោះជំរំ (Training Camp)ឲ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកាន់តែមានការយល់ដឹង លើបច្ចេកទេសជំនាញ ជាពិសេសបានលើកកម្ពស់កម្រិតគុណផលបច្ចេកទេសខ្ពស់ជូនដល់កីឡាករ កីឡាការិនីនៃប្រភេទ កីឡាកាយសម្ព័ន្ធកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជា ឈានទៅរកសក្តានុពល ឧត្តមភាព និងភាពជោគជ័យជូនប្រទេសជាតិ មាតុភូមិ ពីការប្រកួត ជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅកាន់កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅ ប្រទេសថៃ ។

សូមអរគុណចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់លទ្ធភាព និងការគាំទ្រផ្សេងៗ ដូចជាវគ្គបណ្តុះបណ្តាលគូជំនាញកម្រិត១ ថ្នាក់ជាតិ កម្រិតអន្តរជាតិ ចៅក្រមថ្នាក់ជាតិ និងចៅក្រមអន្តរជាតិ និងសូមថ្លែង អំណរគុណនូវការសម្របសម្រួលទីតាំងពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ប្រកបដោយការទទួលខុសត្រូវ ស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ៕

ដោយ៖ លី ភីលីព

Most Popular

To Top