ម៉ាឌ្រីដ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយ បន្ទាប់ពីកិច្ចពិភាក្សាពាណិជ្ជកម្ម កាលពីចុងសប្តាហ៍នៅប្រទេសអេស្ប៉ាញថា កិច្ចព្រមព្រៀងក្របខណ្ឌមួយត្រូវ បានឈានដល់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកសម្រាប់ភាពជាម្ចាស់ នៃវេទិកាវីដេអូសង្គមដ៏ពេញនិយម TikTok ។
លោក Bessent បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្ម ចុងក្រោយបង្អស់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ បានបញ្ចប់នៅទីក្រុងម៉ាឌ្រីដថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីចិន លោក Xi Jinping នឹងនិយាយនៅថ្ងៃសុក្រដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងនេះ។ លោក បានបន្តថា គោលបំណង ដើម្បីប្តូរទៅជាកម្មសិទ្ធិរបស់អាមេរិកពី ByteDance របស់ចិន។ លោក Bessent បានបន្ថែមថា យើងនឹងមិននិយាយអំពីលក្ខខណ្ឌពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងនោះទេ ។ វារវាងភាគីឯកជន ២ ប៉ុន្តែលក្ខខណ្ឌពាណិជ្ជកម្មត្រូវបានយល់ព្រម។
ចំណែកលោក Li Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនបានប្រាប់អ្នកយកព័ត៌មានថា ភាគីបានឈានដល់ ការឯកភាពក្នុងក្របខណ្ឌមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹង TikTok តាមរបៀបសហប្រតិបត្តិការ កាត់បន្ថយរបាំងវិនិយោគ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលពាក់ព័ន្ធ។
លោក Bessent បានបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងម៉ាឌ្រីដ គឺជាកិច្ចចរចាពាណិជ្ជកម្មជុំទី៤ រវាងមន្ត្រីអាមេរិក និងចិន ចាប់តាំងពីលោក Trump បានចាប់ផ្តើមសង្គ្រាមពន្ធលើ ទំនិញចិនក្នុងខែមេសា។ ការចរចាជុំទី ៥ ទំនងជានឹងកើតឡើង ក្នុងសប្តាហ៍ខាងមុខនេះ ដោយរដ្ឋាភិបាលទាំងពីរគ្រោង សម្រាប់កិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងលោក Trump និងលោក Xi នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដើម្បីពង្រឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
នៅទីក្រុងម៉ាឌ្រីដ អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ក្រុមនេះគឺ ផ្តោតយ៉ាងខ្លាំងលើ TikTok និងធ្វើឲ្យប្រាកដថា វាគឺជាកិច្ចព្រមព្រៀងដែលយុត្តិធម៌សម្រាប់ជនជាតិចិន ប៉ុន្តែក៏គោរពទាំងស្រុងនូវកង្វល់សន្តិសុខជាតិរបស់អាមេរិក។
លោក Wang Jingtao នាយករងនៃគណៈកម្មាធិការកិច្ចការអ៊ីនធើណេតកណ្តាលរបស់ប្រទេសចិនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា មានការឯកភាពគ្នាលើការអនុញ្ញាតឲ្យការប្រើប្រាស់កម្មសិទ្ធិបញ្ញាដូចជា (TikTok’s) algorithm” ជាចំណុចជាប់គាំងដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងនេះ៕
