កីឡា

លោកបណ្ឌិត ថោង ខុន ៖ រដ្ឋបាលកីឡាមានសារសំខាន់ក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អស្រប

ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា “NOCC” នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញបានចូលរួមពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា សម្រាប់អគ្គលេខាធិការ ឬមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាជាតិនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្នុងឱកាសពិធីបិទខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាករ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា“NOCC” លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា“NOCC” និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេសនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡាមានសារសំខាន់ជាមូលដ្ឋានក្នុងដំណើរការដឹកនាំ គ្រប់គ្រងអង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អស្រប ដើម្បីធានាប្រសិទ្ធភាពការងារកីឡាឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗឲ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក នាពេល អនាគត។ ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អរបស់ចលនាអូឡាំពិក ដែលជាគោលការណ៍គន្លឹះសំខាន់តម្រូវឲ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិអនុវត្ត ឲ្យខ្ជាប់ខ្ជួន ដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។ រដ្ឋបាលកីឡាត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាម រដ្ឋបាលកីឡាអន្តរជាតិ មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមភាពទៅនឹងគោលការណ៍គ្រឹះកីឡាអន្តរជាតិ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ នោះទើបកីឡាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកទេសរដ្ឋមន្រ្តី បានបន្តថា វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡាអាចឲ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឲ្យបានត្រឹមត្រូវ និងបន្តចែករម្លែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ។

កីឡាគឺជាមុខវិជ្ជាជំនាញវិជ្ជាជីវៈមួយមានក្រឹត្យក្រមបច្ចេកទេស បទប្បញ្ញត្តិបច្ចេកទេស និង បទដ្ឋានគតិយុត្តកីឡាជាលក្ខណៈអន្តរជាតិ ដោយគ្មានប្រទេសណា ឬរដ្ឋណាមួយ ធ្វើសកម្មភាពផ្ទុយ និងស្ដង់ដា កីឡាជាអន្តរជាតិបានទេ ក្នុងនោះការអនុវត្តគោលនយោបាយអភិវឌ្ឍកីឡាជាតិគ្រប់ប្រទេសត្រូវធានាឲ្យបានអនុលោមស្របតាមធម្មនុញ្ញអូឡាំពិកក្នុងភាពជាដៃគូ និងស្វ័យភាពនៃចលនាអូឡាំពិកជាតិ រវាងអង្គការសង្គមកីឡា និងអាជ្ញាធររដ្ឋកីឡាតម្រូវឲ្យមានតុល្យភាពដោយគោរពគ្នាទៅវិញទៅមកចំពោះស្វ័យភាព អំណាច បុព្វសិទ្ធិ និងការទទួលខុសត្រូវរៀងៗខ្លួនក្នុងការរួមគ្នាជំរុញអភិវឌ្ឍកីឡាជាតិ ស្របតាមគោលការណ៍រួមសហការ និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក៕

ដោយ៖លី ភីលីព

Most Popular

To Top