ភ្នំពេញ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និសិ្សតកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងឱកាសបិទ ការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥ និងវគ្គរដ្ឋបាលកីឡាសិស្ស និស្សិតកម្ពុជានៅនាយកដ្ឋានកីឡាសិស្ស និសិ្សត ។

ក្នុងឱកាសនេះក៏មានមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រ យុវជន និងកីឡា និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាសិស្ស និសិ្សតកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅនាយកដ្ឋានកីឡាសិស្ស និសិ្សត។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា វគ្គរដ្ឋបាល និងការប្រកួតគឺដើម្បីបុព្វហេតុគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងការពង្រឹង ពង្រីកចលនាកីឡាសិស្ស នៅតាមគ្រឹះស្ថានសិក្សាបានចូលរួមហាតប្រាណ និងលេងកីឡា ស្របតាមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវជំរុញផ្សព្វផ្សាយទិសស្លោក “យុវជនម្នាក់លេងកីឡាមួយប្រភេទកីឡាប្រចាំជីវិត” និង “ប្រជាជនម្នាក់ហាត់កីឡាមួយប្រភេទកីឡាប្រចាំជីវិត” ជាពិសេស គឺអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

លោក កែ ប៊ុនខៀង ក៏បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡាបានសហការគ្នារៀបចំ ការប្រកួតនេះឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុក ប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ បានចូលរួម និងខិតខំប្រឹងប្រែង ប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរ និងកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសទាំងអស់បានដឹកនាំ និងគ្រប់គ្រង ការប្រកួតស្របតាម គោលការណ៏បច្ចេកទេស ប្រកបដោយយុត្តិធម៌ និងតម្លាភាព ហើយរកឃើញនូវកីឡាករ កីឡាការិនី ឆ្នើមដែលទទួលបានជ័យលាភីនៃការប្រកួតនៅពេលនេះ ។

ប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាតែឯកឯង ពិតជាមិនអាចធ្វើកិច្ចការអភិវឌ្ឍ និងរីកចម្រើនរឹងមាំបានទេ បើមិនមានការចូលរួមគាំទ្រទាំងស្មារតី កម្លាំងកាយ និងមធ្យោបាយពីគ្រប់ផ្នែកសំខាន់ៗ ដូចជារាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ គ្រប់ស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធ ជាពិសេសបំផុត គឺតួនាទី និងការរួមចំណែក ដែលមិនអាចខ្វះបានរបស់សមាជិក នៃសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា រួមមាន សមាគមក្លឹបកីឡានៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ។

បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ដែលមានសម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកថាការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”។
ផ្អែកតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងផែនការមេឆ្ពោះទៅការ ធ្វើជាម្ចាស់ផ្ទះត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games ឆ្នាំ២០២៨ និងការប្រកួត “កីឡាយុវជនអាស៊ី (Asian Youth Games)” ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិ សាស្រ្តមួយនេះ និងដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ឱ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទាំងអស់៕





