ភ្នំពេញ ៖ ក្រុមកីឡាការិនី បាល់បោះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងក្រុមកីឡាករបាល់បោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាបាល់បោះ ៣x៣ ជ្រើសរើសជើងឯកអន្តរវិទ្យាល័យ U18 ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាសហការ ជាមួយសហព័ន្ធកីឡាបាល់បោះ និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ។

ក្នុងឱកាសពិធីប្រគល់មេដាយជូនកីឡាករ-កីឡាការិនីដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និសិ្សតកម្ពុជានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅនាយកដ្ឋានកីឡាសិស្ស និសិ្សត ។

ក្នុងឱកាសនេះក៏មានមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រ យុវជន និងកីឡា និងជាអគ្គលេខាធិការរង សហព័ន្ធកីឡាសិស្ស និសិ្សតកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅនាយកដ្ឋានកីឡាសិស្ស និសិ្សត។

ក្រុមកីឡាការិនីបាល់បោះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដណ្តើមបានមេដាយមាស ក្រុមកីឡាការិនីបាល់បោះ វិទ្យាល័យ ឬស្សីកែវ ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាការិនីបាល់បោះ វិទ្យាល័យព្រះយុគន្ធរជំនាន់ថ្មី ដណ្តើមបានមេដាយសំរិទ្ធ។ចំណែកបុរស៖ក្រុមកីឡាករបាល់បោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ដណ្តើមបានមេដាយមាស ក្រុមកីឡាករបាល់បោះ វិទ្យាល័យ ព្រះយុគន្ធរដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាករបាល់បោះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដណ្តើមបានមេដាយសំរិទ្ធ៕
ដោយ៖លី ភីលីព


