កីឡា

ក្រុមកីឡាវូស៊ូកម្ពុជា ដណ្តើមបានមេដាយ ៥ គ្រឿង នៃការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯក អាស៊ានចិន លើកទី១ ឆ្នាំ២០២៥ នៅម៉ាឡេស៊ី

ភ្នំពេញ ៖ ក្រុមកីឡាវូស៊ូកម្ពុជា ដណ្តើមបានមេដាយ ចំនួន ៥ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯក អាស៊ានចិនលើកទី១ ឆ្នាំ២០២៥ “The 1st ASEAN-CHINA WOMEN’S WUSHU CHAMPIONSHIPS 2025.” ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន ( ASEAN-CHINA Wushu Federation ) ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា និង ជាប្រធានប្រតិភូ បានប្រាប់ពីប្រទេសម៉ាឡេស៊ី តាមអនឡាញថា ក្រុមកីឡាករ-កីឡាការិនីរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជា ដណ្តើមបានមេដាយចំនួន ៥គ្រឿង ក្នុងនោះមេដាយប្រាក់ ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ៤ គ្រឿង។ វិញ្ញាសា Duilian សម្តែងជាក្រុម មាន ២ នាក់ U-18 ទទួលមេដាយប្រាក់ ១គ្រឿង និង ២នាក់មនុស្សពេញវ័យ ទទួលមេដាយសំរឹទ្ធិ ១គ្រឿង
ចំណែកវិញ្ញាសា Taolu សម្តែងឯកត្តជន រួមមានវិញ្ញាសាណាន់ឈាន U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង វិញ្ញាសាណាន់តាវ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង និងវិញ្ញាសាជៀនស៊ុ U-18 ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង។

លោក ម៉ៅ ចន្ថាវុធ បានបន្តថា ដោយបានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាការិនី របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា ចំនួន៨ នាក់ ត្រូវបានឲ្យទៅចូលរួមប្រកួតកីឡាវូស៊ូក្នុងកម្មវិធី The 1st ASEAN-CHINA WOMEN’S WUSHU CHAMPIONSHIPS 2025. ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេស MALAYSIA រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន ( ASEAN-CHINA Wushu Federation ) មាន៩ប្រទេស ចូលរួមប្រកួត៕
ដោយ៖លី ភីលីព

Most Popular

To Top